(ស៉ីដនី)៖ ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ដែលគ្របដណ្តប់លើបញ្ហាសិទ្ធិមនុស្ស ពន្ធគយ សន្តិសុខក្នុងតំបន់ និងសត្វខ្លាំឃ្មុំផេនដា នៅក្នុងទីក្រុងកង់បេរ៉ា ហើយនោះ លោកស្រី Penny Wong បានឱ្យដឹងថា អូស្រ្តាលីនឹងរៀបចំដំណើរទស្សនកិច្ច សម្រាប់លោកនាយករដ្ឋមន្រ្តីចិន Li Qiang នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ ២០២៤។

ក្រោយបញ្ចប់ជំនួប លោកស្រី Wong បានប្រាប់ក្រុមអ្នកសារព័ត៌មានអូស្រ្តាលី និងចិនថា ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើទំនាក់ទំនងផ្នែកការទូត ដោយការជួបមុខគ្នាផ្ទាល់ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ប្រទេសទាំងពីរនឹងធ្វើការរៀបចំ ឱ្យមានដំណើរទស្សនកិច្ចរបស់ លោក Li មកកាន់អូស្រ្តាលី។ អូស្រ្តាលី-ចិន នឹងពង្រីកកិច្ចសន្ទនា ស្តីពីតំបន់ប៉ាស៉ីហ្វិក។ ជុំវិញបញ្ហាច្រកសមុទ្រតៃវ៉ាន់ លោកស្រី Wong បានសម្តែងក្តីបារម្ភចំពោះសកម្មភាពរបស់យោធាចិន ដែលអាចធ្វើឱ្យប៉ះពាល់ ដល់ស្ថិរភាព ខណៈបង្ហាញក្តីតក់ស្លុតចំពោះការសម្រេចឃុំខ្លួនជនជាតិអូស្រ្តាលី ដោយតុលាការចិន កាលពីខែមុន។ ស្របពេល ដែលទីក្រុងប៉េកាំង សម្រេចចិត្តដកចេញបណ្តោះអាសន្ន នូវពន្ធលើផលិតផលស្រារបស់អូស្រ្តាលី លោកស្រី Wong ថាអូស្រ្តាលីចង់ឱ្យមានការដកចេញនូវការរឹតត្បិតលើសាច់គោ និងបង្កង ហើយពួកគេក៏បានពិភាក្សាគ្នាផងដែរ អំពីភាពប្រែប្រួល នៃទីផ្សារនីកែល។ ក្រៅពីនេះ អូស្រ្តាលីចង់បន្តរក្សាវត្តមានសត្វខ្លាឃ្មុំផេនដាមកពីចិន ឱ្យនៅដដែល។

ដោយឡែក សេចក្តីថ្លែងការណ៍របស់ក្រសួងការបទេសចិន បានឱ្យដឹងថា លោក Wang សង្ឃឹមថាអូស្រ្តាលីនឹងចាត់វិធានការ ដើម្បីរក្សាគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងផ្តល់នូវបរិយាកាសធុរកិច្ច ដែលគ្មានការរើសអើងសម្រាប់សហគ្រាសចិន នៅអូស្រ្តាលី។ លោក Wang ក៏បានរំលេចនូវតម្រូវការសម្រាប់​ឯករាជ្យភាព ដោយសំដៅលើទស្សនរបស់ចិនចំពោះគោលនយោបាយអូស្រ្តាលី ដែលត្រូវបានគ្របដណ្តប់ដោយសម្ព័ន្ធភាពជាយុទ្ធសាស្រ្តជាមួយសហរដ្ឋអាមេរិក ហើយថាទំនាក់ទំនងរវាងចិន-អូស្រ្តាលី កំពុងដើរលើភាពត្រឹមត្រូវហើយមិនគួរដើរថយក្រោយឡើយ។

គួរបញ្ជាក់ថា អូស្រ្តាលី និងចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំ បានកសាងទំនាក់ទំនងឡើងវិញបន្ទាប់ពីជួបភាពតានតឹង ចាប់តាំងឆ្នាំ ២០២០មក ដោយកាលណោះទីក្រុងកង់បេរ៉ា បានអំពាវនាវឱ្យមានស៉ើបអង្កេតឯករាជ្យ ទៅលើប្រភពដើមនៃជំងឺកូវីដ១៩៕