(ប៉េកាំង)៖ ពេលថ្មីៗនេះ ខុទ្ទកាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ "ផែនការប្រតិបត្តិស្តីពីការជំរុញយ៉ាងជាក់ស្តែង នូវការបើកចំហដោយកម្រិតខ្ពស់ដើម្បីបង្កើនការកៀរគរ និងប្រើប្រាស់ទុនវិនិយោគពីបរទេស"។ "ផែនការប្រតិបត្តិ"នេះសង្កត់ធ្ងន់ថា ការវិនិយោគពីបរទេសគឺជាកម្លាំងដ៏សំខាន់ ក្នុងការចូលរួមកិច្ចកសាងទំនើបកម្មតាមបែបផែនចិន និងការជំរុញការអភិវឌ្ឍប្រកបដោយ វិបុលភាពរួមរវាងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចពិភពលោក ការបង្កើនការកៀរគរ និងប្រើប្រាស់ទុនវិនិយោគពីបរទេសចាំបាច់ត្រូវតែប្រកាន់ខ្ជាប់ នូវការណែនាំនៃគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ហើយអនុវត្តឱ្យបានល្អពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ក៏ដូចជាបង្កបរិយាកាសអាជីវកម្មលំដាប់ខ្ពស់ ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយ័តកម្ម និងអន្តរជាតូបនីយកម្ម ដើម្បីពង្រឹងទំនុកចិត្តរបស់ក្រុមហ៊ុនវិនិយោគទុន ពីបរទេសក្នុងការអភិវឌ្ឍនៅប្រទេសចិន។

"ផែនការប្រតិបត្តិ"នេះលើកឡើងនូវវិធានការចំនួន២៤ លើវិស័យចំនួន៥៖ ទី១ គឺពង្រីកការអនុញ្ញាតឱ្យចូលទីផ្សារ ដើម្បីលើកកម្ពស់កម្រិតសេរីភាវូបនីយកម្ម នៃការវិនិយោគពីបរទេស។ ទី២ គឺបង្កើនគោលនយោបាយ ដើម្បីលើកកម្ពស់ការស្រូបទាញ ចំពោះការវិនិយោគពីបរទេស។ ទី៣ គឺធ្វើឱ្យមានសុក្រឹតភាពនូវបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ ដើម្បីផ្តល់សេវាកម្មល្អដល់សហគ្រាសបរទេស ដែលធ្វើការវិនិយោគនៅចិន។ ទី ៤ គឺផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍រវាងសហគ្រាសចិននិងបរទេស។ ទី៥ គឺធ្វើឱ្យមានសុក្រឹតភាពនូវបទប្បញ្ញត្តិក្នុងប្រទេស ដើម្បីតភ្ជាប់ជាមួយច្បាប់កំណត់សេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាអន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន