(ស៉ីដនី)៖ អូស្រ្តាលី និងចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខថ្មីមួយទៀត ដែលនឹងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់កងកម្លាំងការពារជាតិ ក្នុងការធ្វើប្រតិបត្តិការរួមនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសរបស់ចក្រភពអង់គ្លេស លោក David Cameron និងរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Grant Shapps កំពុងស្ថិតក្នុងប្រទេសអូស្រ្តាលីសម្រាប់កិច្ចពិភាក្សានៅថ្ងៃសុក្រ ជាមួយសមភាគីរបស់ពួកគេ នៅឯទីក្រុង Adelaide ជាទីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្រុមហ៊ុនអង់គ្លេសត្រូវបានគេរំពឹងថា អាចមានវត្តមានក្នុងកិច្ចសន្យាសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀង AUKUS។

លោក Shapps បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា សន្ធិសញ្ញាដែលចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍នេះ តម្រូវឱ្យប្រទេសទាំងពីរប្រឹក្សាយោបល់គ្នាទៅវិញទៅមក ប្រសិនបើពួកគេស្ថិតក្រោមការគំរាមកំហែងណាមួយ។ ចំណែករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles និយាយថា សន្ធិសញ្ញានេះបានបន្ថែមទិដ្ឋភាពយុទ្ធសាស្ត្រ ដល់ភាពជាដៃគូដ៏ចំណាស់បំផុតមួយរបស់អូស្ត្រាលី ដោយកត់សម្គាល់ថា ចក្រភពអង់គ្លេសមានវត្តមានច្រើននិងយូរមកហើយ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយក៏គ្រោងបញ្ជូនក្រុមនាវាចម្បាំងមកកាន់តំបន់នៅឆ្នាំក្រោយផងដែរ។

គួរបញ្ជាក់ថា អូស្រ្តាលី បាននិងកំពុងជំរុញសមត្ថភាពលើវិស័យការពារជាតិ និងធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក រួមទាំងដៃគូក្នុងតំបន់ បន្ទាប់ពីរបាយការណ៍ការពារជាតិឆ្នាំមុនរកឃើញថា ចិនកំពុងកសាងកម្លាំងយោធាដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរ៕