(ប៉េកាំង)៖ ដូចការនឹកគិតអ៊ីចឹងមែនថា បន្ទាប់ពីក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានអនុម័តជាឯកច្ឆ័ន្ទ លើ《លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ》"កាលពីថ្ងៃទី១៩ ខែមីនា និងបានបញ្ចប់ដោយរលូននូវកាត់តាក់តែងមាត្រាទី២៣ នៃច្បាប់មូលដ្ឋានហុងកុង មនុស្សមួយចំនួនរបស់លោកខាងលិច ដែលបូករួមទាំងក្រុមប្រឹក្សាសហភាពអឺរ៉ុប​និងលោកCameronរដ្ឋមន្ត្រីការបរទេសនិងការអភិវឌ្ឍអង់គ្លេសជាដើម បានវាយប្រហារលើលក្ខន្តិកៈសន្តិសុខជាតិនៅហុងកុង ដោយចោទប្រកាន់ថា "ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរំលោភបំពានសេរីភាព" ហើយបានលើកឡើងនូវអ្វីដែលហៅថា" មន្ទិលសង្ស័យ" ចំពោះបរិយាកាស ប្រកបអាជីវកម្មនៅទីក្រុងហុងកុង។

ហេតុអ្វីបានជាចាំបាច់ត្រូវតាក់តែងច្បាប់សន្តិសុខជាតិ? តើវាមានន័យយ៉ាងដូចម្តេចចំពោះហុងកុង? នៅចំពោះមុខការពិត ការវាយប្រហារនិងការលាបពណ៌ ដោយចេតនាអាក្រក់ទាំងនេះ គឺគ្មានភស្តុតាងអ្វីទាល់តែសោះ។ រហតូដល់សព្វថ្ងៃនេះ ឱ្យតែរលឹកឡើងវិញ ពីភាពវឹកវរនៃ "ឯករាជ្យភាពហុងកុង" និង "អំពើហឹង្សាដ៏ខ្មៅងងឹត" ដែលផ្ទុះឡើងក្នុងអំឡុងពេលការកើតមាន ភាពរកាំរកូសស្តីពី "ការធ្វើវិសោធនកម្មច្បាប់" នៅហុងកុង អ្នកផងទាំងបួងក៏អាចចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ទៅលើភាពចាំបាច់ នៃការតាក់តែងច្បាប់សន្តិសុខជាតិផងដែរ។ នៅឆ្នាំ២០២០ ច្បាប់សន្តិសុខជាតិនៅហុងកុង ត្រូវបានដាក់ចេញនិងអនុវត្ត ហើយហុងកុងបានប្រែពីភាពវឹកវរទៅជាអភិបាលកិច្ច និងប្រែពីអភិបាលកិច្ចទៅជាវិបុលភាព។

ប៉ុន្តែច្បាប់សន្តិសុខជាតិនៅហុងកុង និងច្បាប់ដទៃដែលចូលជាធរមាននៅតំបន់រដ្ឋបាលពិសេសហុងកុង នៅមិនគ្រប់គ្រាន់ សម្រាប់ឆ្លើយតប ដោយគ្រប់ជ្រុងជ្រោយចំពោះទង្វើនិងសកម្មភាពផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ នោះឡើយ។ ការអនុម័តលក្ខន្តិកៈ ស្តីពីការគាំពារសន្តិសុខជាតិហុងកុងលើកនេះ បានបំពេញបន្ថែមនូវកង្វះខាតរបស់ហុងកុង ក្នុងការគាំពារសន្តិសុខជាតិ ដែលបានធានាដោយប្រាកដប្រជានូវសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់ហុងកុង ក៏ដូចជាធានាឱ្យគោលការណ៍ "ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ" ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ។

បើមើលពីទម្លាប់អន្តរជាតិ ស្ទើរតែប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការតាក់តែង ច្បាប់សន្តិសុខជាតិ។ បណ្តាប្រទេសលោកខាងលិចដូចជាអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់កាណាដានិងអូស្ត្រាលីជាដើម សុទ្ធតែបានតាក់តែងច្បាប់សន្តិសុខជាតិយ៉ាងតឹងរ៉ឹង។ ហេតុអ្វីបានជាដល់តំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន បានក្លាយទៅជាការប៉ះពាល់ដល់ "សិទ្ធិ" និង "សេរីភាព" វិញ? ពាក្យសំដីរបស់មនុស្សមួយចំនួននៅប្រទេសលោកខាងលិច គឺមានពុតត្បុតខ្លាំងណាស់ និងមាន"ស្តង់ដារពីរ"។

តាមពិតបើមើលពីខ្លឹមសារ "ការការពារសិទ្ធិមនុស្ស" ត្រូវបានបង្ហាញឱ្យឃើញនៅគ្រប់ផ្នែក នៃលក្ខន្តិកៈស្តីពីការគាំពារ សន្តិសុខជាតិនៅហុងកុង។ យើងអាចមើលឃើញថា លក្ខន្តិកៈនេះគឺតាក់តែងឡើងសើម្បីវាយបង្ក្រាប ឧក្រិដ្ឋជនល្មើសច្បាប់មួយចំនួនតូច ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ សម្រាប់អ្នកក្រុងហុងកុង និងអ្នកវិនិយោគអន្តរជាតិភាគច្រើន លក្ខន្តិកៈនេះគឺគឺជា "ឆ្មាំការពារ" សិទ្ធិនិងសេរីភាព ក៏ដូចជាទ្រព្យសម្បត្តិនិងការវិនិយោគរបស់ពួកគេ។

ហុងកុងបានពឹងផ្អែកទៅលើមាតុប្រទេស និងតភ្ជាប់ជាមួយទូទាំងពិភពលោក ដែលជាអង្គភាពសេដ្ឋកិច្ចឯករាជ្យ ប្រកបដោយសេរីភាពបំផុត និងភាពបើកចំហបំផុតលើពិភពលោកជាប់រហូតមក។ ទិន្នន័យបង្ហាញថា នៅឆ្នាំ២០២៣ ចំនួនក្រុមហ៊ុនប្រចាំនៅទីក្រុងហុងកុង ដែលមានក្រុមហ៊ុនមេនៅនាយសមុទ្រឬចិនដីគោក មានដល់៩០៣៩ កើនឡើងចំនួន៦១ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដោយបានវិលទៅរកកម្រិតខ្ពស់ មុនពេលការរីករាលដាលនៃជំងឺកូវីដ១៩។ បរិមាណក្រុមហ៊ុនដែលទើបបង្កើតថ្មី បានកើនឡើងពី២៧០ដល់ជិត៤៣០០ ដែលបានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ។ នៅចុងឆ្នាំ២០២៣ ប្រាក់បញ្ញើសរុបក្នុងធនាគារនៅហុងកុង បានកើនឡើងប្រហែល៥.១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ល។ ប្រការនេះបានបញ្ជាក់ថា បន្ទាប់ពីបានអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង ប្រាក់ទុននិងសហគ្រាសក្នុងនិងក្រៅប្រទេស នៅតែមានជំនឿចិត្តចំពោះបរិយាកាស ប្រកបអាជីវកម្មនៅហុងកុងដដែល។

សូមបញ្ជាក់ថា លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុង គ្រោងនឹងចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា។ យកសន្តិសុខកម្រិតខ្ពស់ មកធានាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហុងកុងនឹងកាន់តែប្រសើរឡើងនៅថ្ងៃស្អែក ហើយពិភពលោកក៏នឹងទទួលបាននូវ "ឱកាសហុងកុង"កាន់តែច្រើនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន