(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យក្រុមលោកខាងលិច ផ្តល់ប្រព័ន្ធការពារអាកាសបន្ថែមដល់​ទីក្រុងកៀវ បន្ទាប់ពីការវាយប្រហារមីស៉ីលរបស់រុស្ស៉ី ទើបតែបានបង្កឱ្យមនុស្ស១៧នាក់របួស នៅរដ្ឋធានីរបស់អ៊ុយក្រែន និងតំបន់ជុំវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់មីស៉ីលរុស្ស៉ីចំនួន៣១គ្រាប់ ដែលហោះសំដៅមកទីក្រុងកៀវ។ លោក ហ្សេលេនស្គី បានបង្ហោះសារយ៉ាងដូច្នេះថា «ស្ថានការណ៍អាក្រក់បែបនេះ បាននិងកំពុងបន្តរាល់ថ្ងៃរាល់យប់។ វាអាចទៅរួចក្នុងការ​បញ្ចប់រឿងបែបនេះ តាមរយៈសាមគ្គីភាពជាសកល ព្រោះរុស្ស៉ីមិនមានមីស៉ីលដែលអាចឆ្លងផុតប្រព័ន្ធ Patriot និងប្រព័ន្ធការពារអាកាស​ទំនើបៗផ្សេងទៀតរ បស់ពិភពលោកឡើយ។ ពេលឥឡូវ ប្រព័ន្ធការពារទាំងនេះ គឺចាំបាច់ណាស់នៅអ៊ុយក្រែន រាប់ចាប់ពី Kyiv ដល់ Kharkiv ពី Sumy ដល់ Kherson និងពី Odesa ដល់ Donetsk។ វាអាចទៅរួចទាំងស្រុង ប្រសិនបើដៃគូយើង ហ៊ានបង្ហាញឆន្ទៈនយោបាយ​គ្រប់គ្រាន់»

គួរបញ្ជាក់ថា វាគឺជាការវាយប្រហារមីស៉ីលលើកដំបូង មកលើរដ្ឋធានីរបស់អ៊ុយក្រែន គិតចាប់តាំងពីអំឡុងដើមខែកុម្ភៈ ឆ្នាំនេះ។ ដោយឡែក ការវាយប្រហារមីស៉ីលរបស់រុស្ស៉ី លើទីក្រុង Kharkiv បានសម្លាប់មនុស្សយ៉ាងហោច៥នាក់ និងបង្កឱ្យរបួស៨នាក់ កាលពីថ្ងៃពុធ។ ការវាយប្រហារទាំងនេះកើតមានឡើង បន្ទាប់ពីអំលុងពេល២សប្តាហ៍មកនេះ អ៊ុយក្រែនបានបង្កើនសកម្មភាព​វាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់របស់រុស្ស៉ីដែលនៅជាប់ព្រំដែន ព្រមទាំងទីតាំងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី៕