(ប៉េកាំង)៖ នៅព្រហស្បតិ៍នេះ រដ្ឋាភិបាលចិនបានចេញមុខសម្តែងការជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ដែលបាននិយាយថា តំបន់ Arunachal Pradesh គឺជាផ្នែកនៃប្រទេសឥណ្ឌា ខណៈភាពតានតឹងនៅតែមិនទាន់សាបរលាបបាត់ ជុំវិញតំបន់ព្រំដែនរវាង​ចិននិងឥណ្ឌា ដែលមានបញ្ហាវិវាទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរ ពាក់ព័ន្ធភាពតានតឹងដែលកំពុងបន្ត នៅជុំវិញ​តំបន់ព្រំប្រទល់ចិន-ឥណ្ឌា ដែលមិនទាន់មានការគូសវាសខណ្ឌចែកឱ្យច្បាស់លាស់នៅឡើយ។ លោក Jian បានលើកឡើងយ៉ាងដូច្នេះថា «ការគូសព្រំប្រទល់ចិន-ឥណ្ឌា គឺមិនទាន់សម្រេចបាន រួចរាល់នៅឡើយ។ បញ្ហាព្រំដែនចិន-រុស្ស៉ី គឺជាបញ្ហារវាងចិននិងឥណ្ឌា ហើយសហរដ្ឋអាមេរិក គ្មានជាប់ពាក់ព័ន្ធទាល់តែសោះ។ មនុស្សគ្រប់គ្នាដឹងច្បាស់ថា អាមេរិកតែងតែប្រើប្រាស់មធ្យោបាយមិនរើសមុខ ដើម្បីបង្ករឿងហេតុ និងយកបញ្ហាវិវាទរបស់ប្រទេសដទៃ មកធ្វើជាឈ្នាន់សម្រាប់បម្រើផលប្រយោជន៍ភូមិសាស្រ្តនយោបាយ ដ៏អត្មានិយមរបស់ខ្លួន»។

ក្នុងសប្តាហ៍នេះ ក្រសួងការបរទេសឥណ្ឌា បាននិយាយថា រដ្ឋ Arunachal Pradesh នៅភាគឦសាន ដែលមានព្រំប្រទល់ជាប់ជាមួយ​ចិន នឹងជាផ្នែកដ៏សំខាន់ មិនអាចកាត់ផ្តាច់បាន របស់ប្រទេសឥណ្ឌាជានិច្ច។ រីឯរដ្ឋាភិបាលអាមេរិកវិញ បាននិយាយថា ខ្លួនទទួលស្គាល់ Arunachal Pradesh ជាផ្នែកនៃប្រទេសឥណ្ឌា ហើយជំទាស់យ៉ាងម៉ឹងម៉ាត់ ចំពោះការប៉ុនប៉ងឯកតោភាគីនានា ដែលចង់វាតទីទឹកដីនៅទីនោះ។

គួរបញ្ជាក់ថា ចិននិងឥណ្ឌាមានព្រំប្រទល់ជាប់គ្នាប្រវែង៣,៨០០គីឡូម៉ែត្រ ដែលភាគច្រើនត្រូវបានគូសខណ្ឌចែកមិនច្បាស់លាស់ឡើយ។ កងទ័ពឥណ្ឌាយ៉ាងហោច២០នាក់ និងកងទ័ពចិនយ៉ាងហោច៤នាក់ បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នានៅតំបន់នោះ កាលពីឆ្នាំ២០២០។ យោធាទាំងសងខាង បានបង្កើនសកម្មភាពពង្រឹងទីតាំងរបស់ខ្លួន និងបានដាក់ពង្រាយទាហានក៏ដូចជាសព្វាវុធ នៅទីនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រហែលជា១ឆ្នាំមកនេះ ប្រទេសទាំងពីរបានបន្តចោទប្រកាន់គ្នា ទៅវិញទៅមក ជុំវិញបញ្ហាវិវាទព្រំដែន បើទោះបីជាបានព្រមព្រៀងគ្នាបើកកិច្ចចរចាក៏ដោយ៕