(JEDDAH)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឱ្យដឹងថាសហរដ្ឋអាមេរិក បានដាក់ជូនក្រុមប្រឹក្សាសន្តិសុខ UN រួចរាល់ហើយនូវសេចក្ដីព្រាង ដំណោះស្រាយដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដោះដូរនឹងការដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

លោក Blinken ធ្វើការកត់សម្គាល់បែបនេះប្រាប់សារព័ត៌មានអារ៉ាប៊ីសាអូឌីត Al Hadath កាលពីថ្ងៃពុធ ទី២០ ខែមីនា អំឡុងបំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បី ពិភាក្សាពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ ថ្លែងនាឱកាសនោះ ប្រមុខការទូតអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ យើងពិតជាមាន ដំណោះស្រាយមួយដែលយើងបានដាក់ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចរាល់ហើយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយ ភ្ជាប់ទៅនឹង ការដោះលែងចំណាប់ខ្មាំង។ យើងសង្ឃឹមថាបណ្ដាប្រទេសភាគច្រើននឹងគាំទ្រដំណោះស្រាយនេះ»។

គួរបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៉ីស្រាអែល បានប្រើប្រាស់អំណាចវេតូជាច្រើនលើក ជំទាស់នឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ជាទីដែលមនុស្សជិត ៣២ ០០០នាក់ហើយត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ លោក Blinken បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ ហើយលោកនឹងត្រូវបន្តដំណើរទៅកាន់អេហ្ស៉ីប នៅថ្ងៃព្រហស្បតិ៍នេះ និងបន្ទាប់មកទៅកាន់អ៉ីស្រាអែល។ នេះគឺជា ដំណើរទស្សនកិច្ចលើកទី៦របស់លោក Blinken ទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក៕