(ប៉េកាំង)៖ ប្រភពការទូតជាច្រើន បានឱ្យដឹងថាពាណិជ្ជកម្មនឹងក្លាយជារបៀបវារៈដ៏សំខាន់ នៅពេលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបសមភាគីបារាំងរបស់លោក គឺ លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងទីក្រុងប៉ារីស នៅខែឧសភាខាងមុខ ដែលជាដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបដំបូងបំផុតរបស់លោក ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ចំពោះមុខភាពតានតឹងរវាងសហភាពអឺរ៉ុប និងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ម៉ាក្រុង កាលពីឆ្នាំ២០២៣ ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ អំឡុងបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំង ដែលត្រូវបានក្រុមអ្នកវិភាគលោកខាងលិចចាត់ទុកថាជាយុទ្ធសាស្ត្រ មួយរបស់ចិន សំដៅទាញចំណាប់អារម្មណ៍ពីប្រទេសអឺរ៉ុបធំៗ ក្នុងប្លុកអឺរ៉ុប ដើម្បីប្រឆាំងឥទ្ធិពលសហរដ្ឋអាមេរិក។ ប៉ុន្តែ ចាប់តាំងពីពេលនោះ ទំនាក់ទំនងពាណិជកម្មរវាងប៉េកាំង និងប៉ារីសបានស្គាល់ភាពតានតឹង ក្រោយបារាំងគាំទ្រការស៊ើបអង្កេតមួយរបស់គណៈកម្មការអឺរ៉ុបលើការនាំចូលរថយន្ដអគ្គិសនីពីចិន។

ជាការឆ្លើយតប ចិនកាលពីខែមករាកន្លងទៅ បានបើកការស៊ើបអង្កេតមួយដែរលើការនាំចូលស្រា brandy ដែលជាសកម្មភាពមួយត្រូវបានមើលឃើញថាមានគោលដៅចម្បងលើ បារាំង ដែលជាប្រទេសនាំចេញស្រា brandy តំណាងឱ្យ៩៩.៨ភាគរយនៃការនាំចេញរបស់សហភាពអឺរ៉ុប។ នេះបើតាមទិន្នន័យគយចិន។

គួរបញ្ជាក់ថា ក្រៅតែពីពាណិជ្ជកម្ម សង្រ្គាមអ៊ុយក្រែនក៏ត្រូវបានគេរំពឹងថាអាចនឹងក្លាយជាប្រធានបទសម្រាប់កិច្ចពិភាក្សារវាងលោក ស៊ី ជីនពីង និងលោក ម៉ាក្រុងផងដែរ។ កាលពី ឆ្នាំមុន ក្រុមមន្ត្រីបារាំងបានព្យាយាមបញ្ចុះបញ្ចូលទីក្រុងប៉េកាំង ឱ្យដាក់សម្ពាធលើរុស្ស៉ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងកាត់បន្ថយការគាំទ្រលោក ពូទីន៕