(សិង្ហបុរី)៖ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម កាលពីថ្ងៃពុធ ទី២០ ខែមីនាបានប្រកាសថាខ្លួនបានទទួលយកការលាលែងពីគ្រប់តំណែងផ្លូវការ និងក្នុងបក្ស ទាំងអស់របស់លោកប្រធានាធិបតី Vo Van Thuong។ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា សភាជាតិវៀតណាម ក៏បានអនុម័តហើយដែរលើការលាលែងពីតំណែងរបស់លោក Thuong នៅក្នុងសម័យប្រជុំពិសេសបិទទ្វារមួយ។

មិនមានការបញ្ជាក់លម្អិតពីហេតុផលនៃការលែងពីតំណែងរបស់លោក Thuong នោះទេ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Thuong ទំនងជាត្រូវបានបង្ខំឱ្យ លាចុះពីតំណែង ដោយសារមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ជាប់ទាក់ទងនឹងក្រុមហ៊ុនអចលនទ្រព្យ Phuc Son ដែលរងការចោទប្រកាន់ប្រពឹត្តអំពើពុករលួយ ច្រើនករណី។ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងថា អំឡុងនៅកាន់តំណែងជាលេខាបក្សប្រចាំខេត្ត Quang Ngai ចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ សាច់ញាតិម្នាក់ របស់លោក Thuong បានទទួលប្រាក់ ៦០ពាន់លានដុង ឬស្មើនឹងជាង ២.៤លានដុល្លារ (គិតតាមអត្រាប្ដូរប្រាក់បច្ចុប្បន្ន) ពីក្រុមហ៊ុន Phuc Son ដែលត្រូវបានគេចោទថា ទុកសម្រាប់ឱ្យលោក Thuong សង់វិហារដូនតារបស់លោក។

ការលាលែងរបស់លោក Thuong គឺជាការចាប់ផ្ដើមដំណាក់កាលថ្មីមួយ នៃនយោបាយមិនច្បាស់លាស់នៅក្នុងប្រទេសវៀតណាម។​ ចាប់តាំងពីសមាជជាតិលើកទី១៣ នៃ គណបក្សកុម្មុយនិស្ដវៀតណាម (CPV) កាលពីដើមឆ្នាំ២០២១មក មានថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនរូបត្រូវបានកាត់ទោសតាមច្បាប់ និងខ្លះទៀតត្រូវបាន បង្ខំឱ្យលាលែងពីតំណែង ក្នុងនោះរួមមានសមាជិកការិយាល័យនយោបាយ ៤រូប ដែលក្នុងនោះមានទាំងលោក Thuong និងអតីតប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រីម្នាក់ រដ្ឋមន្ត្រី២នាក់ និងថ្នាក់ដឹកនាំខេត្តជាច្រើននាក់ទៀត។ លោក Thuong កាន់តំណែងជាប្រធានាធិបតីបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ រីឯលោក Phuc កាន់តំណែងបានមិនដល់ ២ឆ្នាំស្រួលបួលទេ មុនលាចុះពីតំណែងកាលពីដើមឆ្នាំ២០២៣។

ដូចគ្នាទៅនឹងលោក Phuc ដែរ ការលាលែងពីតំណែងរបស់លោក Thuong នឹងមិននាំទៅរកការផ្លាស់ប្ដូរនយោបាយធំដុំអ្វីនោះទេ។ តែ វាអាចនឹងបង្កើនការព្រួយបារម្ភក្នុងចំណោម អ្នកវិនិយោគ។ អ្នកវិនិយោគជាច្រើន បានបោះទុនរកស៊ីនៅក្នុងប្រទេសវៀតណាម គឺដោយសារតែពួកគេមើលឃើញថាវៀតណាមមានបរិយាកាសនយោបាយមានស្ថិរភាព ប្រសើរជាង បណ្ដាប្រទេសដទៃក្នុងតំបន់។ ដូច្នេះ ការលាលែងរបស់លោក Thuong នឹងកាន់តែធ្វើឱ្យពួកគេមានការព្រួយបារម្ភ ហើយកាន់តែយ៉ាប់ជាងនេះទៀត ស្ថានភាពសុខភាពរបស់ អគ្គលេខាធិការបក្សកុម្មុយនិស្ត លោក Nguyen Phu Trong មានអាយុ៧៩ឆ្នាំ និងភាពមិនច្បាស់លាស់ជុំវិញផែនការរើសអ្នកបន្តវេនពីរូបលោកនឹងកាន់តែបង្កើន ឬអូសបន្លាយ ការប្រជែងនយោបាយផ្ទៃក្នុងបក្ស រហូតដល់សមាជជាតិរបស់ CPV នៅដើមឆ្នាំ២០២៦។

ផលវិបាកកើតចេញពីការលាលែងពីតំណែងរបស់លោក Thuong ចំពោះអនាគតនយោបាយវៀតណាម ជាពិសេសសម្រាប់ការប្រជែងអង្គុយកៅអីជាអគ្គលេខាធិការបក្ស ជំនួសលោក Nguyen Phu Trong គឺអាស្រ័យលើថាតើនរណាដែលនឹងត្រូវឡើងកាន់តំណែងជំនួសលោក Thuong។ តាមបទបញ្ញត្តិរបស់ CPV ប្រធានាធិបតីថ្មី ត្រូវតែជាអ្នកបានកាន់តំណែងជា សមាជិកការិយាល័យនយោបាយឱ្យបានមួយអាណត្តិពេញលេញ។ នេះមានន័យថាបេក្ខជនមានសក្តានុពលសព្វថ្ងៃ រួមមានលោក Trong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានសភាជាតិ លោក Vuong Dinh Hue សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន CPV លោកស្រី Truong Thi Mai និងរដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក To Lam។ លោក Trong ដែលធ្លាប់បានកាន់តំណែងប្រធានាធិបតីវៀតណាម ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ប្រហែលជាអាចកាន់តំណែងជាថ្មី ប៉ុន្តែបញ្ហាសុខភាពរបស់លោកអាចនឹងក្លាយជាឧបសគ្គធំ។ ចំណែក លោក Chinh និងលោក Hue វិញ ទំនងជាមិនចាប់អារម្មណ៍ចំពោះតំណែងប្រធានាធិបតីឡើយ ដ្បិតតំណែងបច្ចុប្បន្នរបស់អ្នកទាំង២ គឺមានអំណាចធំជាងប្រធានាធិបតីស្រាប់ទៅហើយ។ ដូច្នេះមើលទៅ បេក្ខជនស័ក្តិសមជាងគេ គឺនៅសល់លោក To Lam និងលោកស្រី Mai។

មានអាយុ ៦៦ឆ្នាំ លោក To Lam ប្រហែលជាមានចំណាប់អារម្មណ៍ខ្លាំងចំពោះកៅអីប្រធានាធិបតី ដោយហេតុថាតំណែងនេះអាចអនុញ្ញាតឱ្យរូបលោករួចផុតពីច្បាប់កំណត់អាយុរបស់ គណបក្ស និងឈរឈ្មោះដើម្បីប្រជែងយកតំណែងអគ្គលេខាធិការនៅឆ្នាំ២០២៦។ តែទោះជាបែបនេះក្ដី លោកអាចនឹងមានការរារែកចិត្តក្នុងការចាប់យកតំណែងថ្មីនេះ។ ពីព្រោះថា តំណែងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់លោកគឺកំពុងអំណាចខ្លាំងជាអតិបរាមា ជាពិសេសក្នុងពេលដែល CPV កំពុងដឹកនាំយុទ្ធសាស្ត្របោសសម្អាតអំពើពុករលួយ។ ផ្ទុយទៅវិញ តួនាទីជាប្រធានាធិបតីត្រូវបានគេមើលឃើញគ្រាន់តែជាតំណែងពិធីការតែប៉ុណ្ណោះ។ នៅម្ខាងទៀត លោកស្រី Mai ក៏ជាបេក្ខជនស័ក្តិសមនឹងតំណែងជាប្រធានាធិបតីដែរ តួយ៉ាងនៅក្នុង ក្រសែភ្នែករបស់អ្នកនយោបាយវៀតណាមផ្សេងទៀតដែលកំពុងប្រជែងគ្នាយកតំណែងជាអគ្គលេខាធិការបក្ស។ នេះក៏ព្រោះតែមានអំណាចទន់ខ្សោយ លោកស្រីមិនអាចប្រើប្រាស់ តំណែងប្រធានាធិបតីដើម្បីពង្រឹងអំណាច ជាមធ្យោបាយប្រជែងយកតំណែងអគ្គលេខាធិការជាមួយនឹងពួកគេ នៅឆ្នាំ២០២៦ បាននោះទេ។

យ៉ាងណាក៏ដោយ CPV នៅមានជម្រើសផ្សេងទៀត នោះគឺក្រវែងចោលបទបញ្ញត្តិរបស់ខ្លួន ដោយតែងតាំងអ្នកនយោបាយផ្សេងណាម្នាក់ដែលមិនទាន់កាន់តំណែងជាសមាជិក ការិយាល័យនយោបាយមួយអាណត្តិបានពេញលេញ តែជាមនុស្សម្នាក់អាចនាំមកនូវស្ថិរភាពដល់ប្រព័ន្ធនយោបាយវៀណាម។ ក្នុងសេណារីយ៉ូនេះ បេក្ខជនមានសក្តានុពលជាងគេ គឺលេខាបក្សប្រចាំទីក្រុង Ho Chi Minh លោក Nguyen Van Nen និងរដ្ឋមន្ត្រីការពារជាតិ លោក Phan Van Giang។ ក៏ប៉ុន្តែ បេក្ខជនផ្សេងទៀត ដែលគេមើលឃើញថាមាន សក្តានុពលជំនួសតំណែងលោក Trong នឹងមិនគាំទ្រការសម្រេចចិត្តបែបនេះឡើយ ព្រោះពួកគេមិនចង់ឃើញគូប្រជែងថ្មីណាមួយមកពីបំផ្លាញ មហិច្ឆតាអោបក្រសោបយកតំណែងជា អគ្គលេខាធិការបក្សរបស់ពួកគេនោះទេ។

គួរបញ្ជាក់ថា សភាវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងអនុប្រធានាធិបតី លោកស្រី Vo Thi Anh Xuan ជាប្រធានាធិបតីស្ដីទី រហូតទាល់តែមានការតែងតាំងប្រធានាធិបតីថ្មី។ លោកស្រី Xuan ធ្លាប់ធ្វើជា​ប្រធានាធិបតីស្តីទីបាន​៦សប្តាហ៍ បន្ទាប់ពីលោក Nguyen Xuan Phuc បានលាលែងពីតំណែងប្រធានាធិបតី កាលពីឆ្នាំមុន៕