(ជីស៉ីនូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភារបស់ប្រទេសម៉ុលដាវី បានគាំទ្រឱ្យបន្តដំណើរការស្នើសុំ ដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុប (EU) ប៉ុន្តែគណបក្សប្រឆាំងបានដើរចេញពីការបោះឆ្នោត ហើយក្រុមបំបែកខ្លួននៅក្នុងតំបន់ Transdniestria បានជំរុញឱ្យអាជ្ញាធរទម្លាក់ផែនការនោះចោល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ ២០២៤។

ម៉ុលដាវី គឺជាអតីតដែនដីសហភាពសូវៀត ស្ថិតនៅចន្លោះអ៊ុយក្រែន និងរូម៉ានី ហើយបានគិតគូរអំពីការក្លាយជាសមាជិករបស់ EU ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ លោកស្រីនាយករដ្ឋមន្រ្តី Maia Sandu ដែលនិយាយតែងថា រុស្ស៉ីគឺការគំរាមកំហែងដ៏ធំ ចំពោះសន្តិសុខម៉ុលដាវី បានកំណត់យកសមាជិកភាពនៅក្នុងសហភាពអឺរ៉ុប ដាក់ជាមូលដ្ឋានគ្រឹះនៃរដ្ឋាភិបាលរបស់ស្រី។

ក្រោយការជជែកដេញដោលគ្នានៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល សភាម៉ុលដាវីបានអនុម័តការសម្រេចនោះ ដោយការបោះឆ្នោតទទួលបាន ៥៤សំឡេង និងគ្មានវត្តមានគណបក្សប្រឆាំង។ បើតាមសេចក្តីប្រកាសរបស់សភា «មានតែការចូលរួមជាមួយអឺរ៉ុបប៉ុណ្ណោះ ដែលអាចធានាអនាគតម៉ុលដាវី ជាប្រទេសប្រជាធិបតេយ្យ មានអធិបតេយ្យ និងអព្យាក្រឹតពេញលេញ»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបកាលពីឆ្នាំមុន បានផ្តល់ភ្លើងបៃតងសម្រាប់កិច្ចពិភាក្សា ស្តីពីសមាជិកភាព ទាំងសម្រាប់អ៊ុយក្រែន និងម៉ុលដាវី ប៉ុន្តែមិនទាន់ដាក់ចេញកាលបរិច្ឆេទចាប់ផ្តើមនោះទេ ហើយក៏មិនមានការប្រកាសជាផ្លូវការណាមួយ ក្នុងកិច្ចប្រជុំនៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍នោះដែរ៕