(មូស្គូ)៖ រុស្ស៊ីបានបាញ់ស្រោចអាវុធមីស៊ីលទំនើបចំនួន៣១គ្រាប់ ដែលរួមមានទាំងមីស៊ីលបាលីស្ទីកលឿនជាងសម្លេង គីនហ្សាល់ Kinzhal និងមីស៊ីលគ្រូស 29 KH-101ផងដែរដាក់លើរដ្ឋធានីគៀវ ប៉ុន្តែមិនអាចទម្លុះរបាំងប្រព័ន្ធអាវុធការពារអាកាសនៅអ៊ុយក្រែនបានឡើយ។

មេដឹកនាំអ៊ុយក្រែន លោក Zelenskyy បាននិយាយអួតអាងឥទ្ធិពល នៃប្រព័ន្ធអាវុធការពារ អាកាស Patriots ផលិតដោយសហរដ្ឋអាមេរិកដោយចាត់ទុកថា គ្មានអាវុធរុស្ស៊ីណាមួយអាច ស្ទុះរួចពីការបាញ់ទម្លាក់ដោយអាវុធអាមេរិកាំងនេះបានឡើយ។

រុស្សីបានបាញ់មីស៊ីលយ៉ាងហោច៣១គ្រាប់ដាក់លើក្រុងគៀវ នៃប្រទេសអ៊ុយក្រែនរួមទាំង អាវុធមីស៊ីលលឿនជាងសម្លេង Kinzhal និងមីស៊ីលគ្រូស29 KH-101 ផងដែរនាវេលាទាបភ្លឺ ថ្ងៃទី២១មីនា ដែលជាការបាញ់ស្រោចលើកដំបូង ហើយក្រោយសេចក្តីរាយការណ៍បង្ហាញនូវ ជ័យជម្នះភ្លូកទឹកភ្លូកដី របស់លោកវ្លាឌីមៀរពូទីនក្នុងការបោះឆ្នោតសកលឆ្នាំ២០២៤ នេះ។ មនុស្សជាច្រើនពាន់នាក់ដែលភិតភ័យបាននាំគ្នារត់ចូលជ្រកពួនក្នុងស្ថានីយមេត្រូក្រោមដី ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដោយសារតែអំពើវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។

ក្រុមមន្ត្រីយោធាបាននិយាយថា កងការពារអាកាសបានបាញ់ទម្លាក់នូវមីស៊ីលទាំង ៣១ គ្រាប់នោះ បានទាំងអស់ ខណៈបំណែករបស់វាបានធ្លាក់ និងបានបំផ្លាញអគារផ្ទះល្វែង និង ធ្វើឱ្យមនុស្ស ១៧ នាក់បានរងរបួសរួមទាំងកុមារម្នាក់ផងដែរ ។ រដ្ឋធានីគៀវនៃប្រទេសអ៊ុយ ក្រែន មានបំពាក់ប្រព័ន្ធការពារអាកាស Patriotអាមេរិក និងប្រព័ន្ធការពារអាកាសផ្សេងទៀត បំពាក់ដោយប្រទេសជាសមាជិករបស់អង្គការណាតូដែលធ្វើឱ្យក្រុងគៀវ គឺជាក្រុងមួយ ដែលមានប្រព័ន្ធការពារអាកាសដ៏រឹងមាំ មិនងាយនឹងអាចមានមីស៊ីលធម្មតាឬដ្រូនធ្វើការទម្លុះ របាំងការពារនេះបានដោយស្រួលឡើយ។ ប៉ុន្តែទីក្រុងដទៃទៀតដូចជាក្រុង Odesa ជាដើម មិន មានបំពាក់ប្រព័ន្ធការពារអាកាសទំនើបច្រើនដូចរដ្ឋធានីគៀវឡើយ។

មន្ត្រីអ៊ុយក្រែនបាននិយាយថា ពលរដ្ឋប្រមាណ២ម៉ឺន៥ពាន់នាក់ រួមទាំងកុមារប្រមាណ៣ពាន់
នាក់បាននាំគ្នារត់ពួនជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងគៀវ ខណៈដែលសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានប្រកាសជួនដំណឹងប្រុងប្រយ័ត្ន រយៈពេល៣ម៉ោង ។

អាជ្ញាធរអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទីកលឿនជាងសម្លេង Hypersonic Kinzhal ចំនួន២គ្រាប់ និងមីស៊ីលគ្រូស29 KH-101ឬ KH-555 ចំនួន២៩គ្រាប់ មកកាន់រដ្ឋធានីគៀវ និងគ្រាប់ទាំងនោះបានធ្វើដំណើរមកជាបន្តបន្ទាប់ ក្នុងពេលដំណាល គ្នាពីទិសដៅផ្សេងៗ។ មីស៊ីល Hypersonic Kinzhal គឺជាអាវុធដែលតម្លៃរបស់វាក្នុងមួយគ្រាប់ ថ្លៃ ១០លានដុល្លារ…ចំណែកមីស៊ីលគ្រូស29 KH-101ឬ KH-555 ក្នុងមួយគ្រាប់តម្លៃ១៣លាន ដុល្លារ។

ការវាយប្រហារដោយអាវុធថ្លៃៗ និងទំនើបទាំងនេះបានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីដំ ណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ ដោយទីប្រឹក្សាគោលនយោបាយការបរទេសកំពូល របស់ប្រធានាធិបតីអាមេរិក គឺលោក Jake Sullivan ។ ដំណើរទស្សនកិច្ចរបស់លោក Jake Sullivan គឺជាដំណើរមួយដែលពង្រឹងជំនឿជឿជាក់ ដល់អ៊ុយក្រែនថាសហរដ្ឋអាមេរិកមិនបោះ បង់ចោលអ៊ុយក្រែន និងព្យាយាមរកវិធីធ្វើឱ្យអ៊ុយក្រែនអាចទទួលជំនួយយោធាពីសហរដ្ឋអាមេ រិកថែមទៀត តាមរយៈការទម្លុះភាពទ័លច្រកដែលជាប់គាំងនៅក្នុងសភាតំណាងរាស្ត្រអាមេរិក ។

ការវាយប្រហារបាញ់ស្រោចដោយមីស៊ីលទាំងហ្វូងនេះ គឺនៅទន្ទឹមនឹងមានសេចក្តីរាយ ការណ៍ជុំវិញអ៊ុយក្រែនខ្វះគ្រាប់រំសេវ ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីនិងទន្ទឹមដែលសហរដ្ឋ អាមរិកផ្តល់ជំនួយយោធា៣០០លានដុល្លារ ដែលនឹងអាចជួយរួមចំណែកការបន្តវាយប្រហារ រុស្ស៊ីបានរយៈពេលច្រើនសប្តាហ៍ថែមទៀត។
មន្ត្រីអ៊ុយក្រែនបានថ្លែងថាថា ធនធានរបស់ពួកគេមានសភាពស្តើង ហើយពួកគេត្រូវការ អាវុធលោកខាងលិចច្រើនសន្ធឹកសន្ធាប់ថែមទៀត ប្រសិនបើត្រូវឱ្យអ៊ុយក្រែនបន្តប្រយុទ្ធប្រ ឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ី។

ការវាយប្រហារដោយបាញ់ស្រោចមីស៊ីលទាំងហ្វូងនេះដែរ បានធ្វើឡើងក្រោយពេលដែល រុស្ស៊ី បានបង្ហាញក្តីខឹងសម្បារចំពោះអ៊ុយក្រែន ដែលបានប្រើដ្រូនជាច្រើនបាញ់ដាក់លើទឹកដី រុស្ស៊ីក្នុងពេលដែលមានការបោះឆ្នោតសកលកាលពីសប្តាហ៍កន្លងមកនេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយមុននេះថា មានដ្រូនអ៊ុយក្រែនចំនួន៣៥គ្រឿង បានបាញ់ សម្តៅដាក់មកលើគោលដៅនានាលើទឹកដីរុស្ស៊ីក្នុងតំបន់រដ្ឋធានីម៉ូស្គូ និងសម្តៅមកទឹកដីរុស្ស៊ី ក្នុងខេត្ត Belgorod បង្កឱ្យមានការឆេះ នៅរោងចម្រាញ់ប្រេង, បង្កការរំខានលើទីផ្គត់ផ្គង់អគ្គី សនីច្រើនកន្លែងតាមបណ្តោយព្រំដែន ដែលរុស្សីចោទថាអ៊ុយក្រែនមានបំណងចង់ធ្វើ វិចេ្ឆទ្ធ កម្ម ដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី។ លោកវ្លាឌីមៀរពូទីន នៅមុនការវាយប្រ ហារសងសឹកដាក់ទៅវិញ បានថ្លែងកាលពីថ្ងៃពុធទី២០មីនាថា រុស្ស៊ីនឹងធ្វើការឆ្លើយតបដាក់ទៅ លើអ៊ុយក្រែនវិញដូចគ្នានូវអ្វីដែលអ៊ុយក្រែន បានធ្វើដាក់មកលើរុស្ស៊ីកន្លងមកនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងពេលដែលមានការបាញ់ស្រោច គ្រាប់មីស៊ីលដាក់លើរដ្ឋធានីគឿវសាជាថ្មីនេះ បានអំពាវនាវដល់ប្រទេសដៃគូលោកខាងលិចបន្តបញ្ជូនប្រព័ន្ធអាវុធការពារដែនអាកាសមកជាបន្ថែមទៀត ដើម្បីពួកគេអាចចែកចាយទៅ កាន់ផ្នែកផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។

លោក Zelenskyy បាននិយាយនៅលើបណ្តាញសង្គម Telegram បន្ទាប់ពីមានការវាយប្រ ហារកាលពីថ្ងៃព្រហស្បតិ៍នោះមកថា «ជារៀងរាល់ថ្ងៃ និងរៀងរាល់យប់ ... ការវាយប្រហារបង្ក ភាពភ័យរន្ធត់តែងតែកើតឡើង»។ លោកសរសេរបន្តថាមានតែ «ការរួបរួមរបស់ពិភពលោកទេ ដែលអាចបញ្ឈប់នូវអំពើវាយប្រហារគួរឱ្យខ្លាចនោះបាន ដោយការជួយអ៊ុយក្រែននូវប្រព័ន្ធការ ពារអាកាសជាបន្ថែមមកទៀត»

លោក Zelenskyy បាននិយាយតាមបណ្តាញសង្គមទៀតថា រុស្ស៊ីមិនមានអាវុធមីស៊ីល របស់ ខ្លួនណាមួយដែលអាចគេចផុតពីប្រព័ន្ធអាវុធការពារអាកាស Patriots ដែលផលិតដោយ សហរដ្ឋអាមេរិក និងប្រព័ន្ធអាវុធការពារដែនអាកាសទំនើបៗផ្សេងទៀតផ្តល់ដោយក្រុមបស្ចឹម ប្រទេសនោះបានឡើយ។

កញ្ចប់ជំនួយយោធាតម្លៃ៦១ពាន់លានដុល្លារ ស្នើដោយរដ្ឋបាលលោក ចូ បៃដិន ត្រូវបានរាំង ខ្ទប់មិនអាចចេញរួចនៅស្ថាប័នសភាតំណាងរាស្ត្រអាមេរិក ដែលគ្រប់គ្រងសម្លេងភាគច្រើន ដោយគណបក្សសាធារណរដ្ឋ។ លោក ដូណាល់ត្រាំ បេក្ខជនប្រធានាធិបតីនៃគណបក្សសា ធារណរដ្ឋ បានបោះសម្តីព្រមានថា បើលោកនឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី ក្នុងខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះ លោកនឹងមិនផ្តល់ថវិកាសូម្បីតែមួយសេនដល់អ៊ុយក្រែន ឡើយ និងលោកបានសន្យាបញ្ចប់សង្គ្រាមអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោង។ ភាពមិនច្បាស់ លាស់នៃអនាគតជំនួយរបស់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក បានប្រញាប់ឱ្យប្រទេសសម្ព័ន្ធ មិត្តណាតូ កំពុងស្វែងរកវិធីផ្សេងៗដើម្បីការជួយឱ្យអ៊ុយក្រែនបន្តធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

កាលពីថ្ងៃព្រហស្បតិ៍ទី២១មីនាមេដឹកនាំសហភាពអឺរ៉ុបកំពុងពិចារណាវិធីថ្មី ដើម្បីជួយជំរុញ ការផលិតអា វុធនិងគ្រាប់រំសេវសម្រាប់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនមួយនៅទី ក្រុងប្រុចសែល។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានថ្លែងថា ហុងគ្រីនឹង មិនចូលរួមក្នុងគំរោងរៀបចំដោយប្រទេសឆេកដើម្បីស្វែងរកនិងផ្តល់អាវុធដល់ប្រទេសអ៊ុយ ក្រែនឡើយ ខណៈរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានថ្លែងថា ប៉ូឡូញ នឹងរួមចំណែកផ្តល់ថវិកានិងស្បៀង ចំពោះគំនិតផ្តួចផ្តើមស្វែងរកនិងផ្តល់អាវុធដល់ប្រទេស អ៊ុយក្រែន រីឯប្រទេសអូស្ត្រាលីបាននិយាយថា គេនឹងចូលរួមក្នុងសម្ព័ន្ធដ្រូនជាអន្តរជាតិ ដឹកនាំដោយប្រទេសអង់គ្លេសនិងប្រទេស Latvia ដើម្បីជំនួយដល់អ៊ុយក្រែនដើម្បីការធ្វើ សង្គ្រាមបន្តប្រឆាំងនឹងរុស្ស៊ី៕