(តូក្យូ)៖ លោកនាយករដ្ឋមន្រ្តី Kishida Fumio បាននិយាយនៅថ្ងៃសៅរ៍នេះថា ជប៉ុននឹងធ្វើការដើម្បីពង្រឹងវិស័យការពារជាតិ ក៏ដូចជាសមត្ថភាពផ្នែកការទូតដើម្បីរក្សាសន្តិភាព ខណៈដែលការ​កសាង​យោធា​នៅ​ជុំវិញ​ប្រទេស​ បាន​និង​កំពុង​កើន​ឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ ២០២៤។

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ថ្លែងនៅឯពិធីបញ្ចប់ការសិក្សានៃបណ្ឌិតសភាការពារជាតិ ក្នុងទីក្រុង Yokosuka លោក Kishida បញ្ជាក់ថា «ការកសាងកម្លាំងយោធា រួមទាំងការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៉ីល កំពុងជឿនលឿនទៅមុខនៅក្នុងជុំវិញប្រទេសជប៉ុន ខណៈដែលការព្យាយាមផ្លាស់ប្តូរស្ថានភាពដើមជាឯកតោភាគី ដោយប្រើកម្លាំងយោធាកំពុងកើនឡើង»។ លោក Kishida បានបន្ថែមថា ជប៉ុនប្រឈមមុខនឹងបរិយាកាសសន្តិសុខ «ដ៏ស្មុគស្មាញ និងធំបំផុត» គិតចាប់តាំងពីសង្គ្រាមលោកលើកទី ២ ហើយរដ្ឋាភិបាលនឹងពង្រឹងសមត្ថភាពការពារ និងផ្នែកការទូតរបស់ខ្លួន ដើម្បីរក្សាសន្តិភាព ក៏ដូចជាទប់ស្កាត់ភាពអាសន្នផ្នែកសន្តិសុខ។

គួរបញ្ជាក់ថា លោក Kishida និងលោកប្រធានាធិបតី ចូ បៃដិន គ្រោងបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី១០ ខែមេសា លើទឹកដីសហរដ្ឋអាមេរិក ក្នុងគោលបំណងជំរុញសម្ព័ន្ធភាពសន្តិសុខទ្វេភាគីដែលមានជាយូរមកហើយ ចំពោះមុខការកើនឡើងឥទ្ធិពលចិន និងការបន្តការសាកល្បងសមត្ថភាពយោធារបស់កូរ៉េខាងជើង៕