(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា បានឱ្យដឹងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់របស់អ៊ុយក្រែន ដែលបាញ់លើទីក្រុង Sevastopol នៃតំបន់ គ្រីមៀ ដោយបណ្ដាលឱ្យមនុស្ស ២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បានបញ្ជាក់នៅលើ Telegram ទៀតថាបើតាមព័ត៌មានបឋម មានមីស៊ីលច្រើនជាង ១០គ្រាប់ ត្រូវបានបាញ់ទម្លាក់។ លោកបន្ថែមថាកុមារម្នាក់ និងស្រ្តីម្នាក់បានរងរបួស ដោយសារតែបំណែកមីស៊ីលធ្លាក់ត្រូវ រីឯអគារមួយចំនួនរងការខូតខាតផងដែរ។

រុស្ស៉ី បានកាត់យកតំបន់គ្រីមៀពីអ៊ុយក្រែនដាក់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។ អ៊ុយក្រែនវិញបានបើកការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូន ជាញឹកញាប់លើគោលដៅសំខាន់ៗក្នុងតំបន់គ្រីមៀ នាមួយរយៈពេលចុងក្រោយនេះនៃសង្រ្គាម។ កាលពីខែមករា ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kirill Budanov បាននិយាយថាការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងតំបន់គ្រីមៀ នឹងបន្តកើនឡើង។

ចំណែក ក្រសួងការពារជាតិរុស្ស៉ី ក៏បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនានេះដែរថាខ្លួនបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែតអ៊ុយក្រែន ១៩គ្រាប់ នៅតំបន់ Belgorod ដែលមានព្រំដែនជាប់ជាមួយអ៊ុយក្រែន៕