(ប៉េកាំង)៖ ក្រសួងការពារជាតិចិន នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះ បានព្រមានហ្វីលីពីនប្រឆាំងនឹងសកម្មភាពបង្ករឿង ហើយថាចិននឹងការពារបូរណភាពទឹកដី របស់ខ្លួន មួយថ្ងៃបន្ទាប់ពីមានឧបទ្ទវហេតុនៅក្នុងតំបន់ដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិចិន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានគូសបញ្ជាក់ដូច្នេះថា «យើងព្រមានហ្វីលីពីន ឱ្យបញ្ឈប់រាល់ការកត់សម្គាល់ទាំងឡាយណាដែលអាចនាំ ទៅរកការបង្កើនភាពតានតឹង និងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ព្រមទាំងបញ្ឈប់រាល់សកម្មភាពបំពានចូលដោយខុសច្បាប់ និងបង្ករឿងទាំងអស់»។ ក្រសួង បន្តថា «ប្រសិនបើហ្វីលីពីន នៅតែបន្តដើររំលងខ្សែគំនូសរបស់ចិន នោះចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត ដើម្បីការពារបូរណភាពទឹកដី និងសិទ្ធិសមុទ្រ រួមទាំងផលប្រយោជន៍របស់ខ្លួន»។

គួរបញ្ជាក់ថា ការព្រមានរបស់ចិន កើតមានឡើង ក្រោយឆ្មាំសមុទ្រចិនបាននិយាយថាខ្លួនបានចាត់វិធានការឆ្លើយតបប្រឆាំងនឹងទូករបស់ហ្វីលីពីន នៅក្នុងដែនទឹក មានជម្លោះក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal និងទីប្រជុំកោះ Spratly កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ប៉ុន្តែ ហ្វីលីពីនបានហៅចំណាត់ការរបស់ ឆ្មាំសមុទ្រចិនថាគ្មានទំនួលខុសត្រូវ និងបង្ករឿង។

ការចោទប្រកាន់គ្នាទៅវិញទៅមកបែបនេះរវាងចិន និងហ្វីលីពីន បានកើតឡើងជាញឹកញាប់ នាមួយរយៈពេលចុងក្រោយនេះ ដោយមានពេលខ្លះៗទីក្រុងម៉ានីល បានចោទចិនថាបានប្រើកាណុងបាញ់ទឹកដាក់ទូករបស់ខ្លួន ឬឈានដល់ការបុកទង្គិចគ្នា។ រីឯចិនក៏អះអាងដែរថាទូកហ្វីលីពីនបំពានចូលដែនទឹករបស់ខ្លួន៕