(គៀវ)៖ យោធាអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃអាទិ្យនេះថា ខ្លួនបានវាយប្រហារលើនាវាចម្បាំងធំៗរបស់រុស្ស៊ីចំនួន់ ២ គ្រឿងនៅឧបទ្វីបគ្រីមៀ រួមទាំងមជ្ឈមណ្ឌលទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រើប្រាស់ដោយកងទ័ពជើងទឹករុស្ស៊ីនៅក្នុងសមុទ្រខ្មៅផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២៤។

ទោជាយ៉ាងណា សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ប្រាប់ថា តើមីស៊ីលនោះបានបាញ់ចំគោលដៅ ឬយ៉ាងណានោះទេ ប៉ុន្តែមន្ត្រីរុស្ស៉ីក្នុងតំបន់ បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសដ៏ធំរបស់អ៊ុយក្រែន ហើយបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលជាង ១០ គ្រាប់ នៅលើកំពង់ផែទីក្រុង Sevastopol នៃទំបន់គ្រីមៀ។

យោធាអ៊ុយក្រែនបាននិយាយថា «កងកម្លាំងការពារអ៊ុយក្រែនបានទទួលជោគជ័យក្នុងការវាយឆ្មក់លើនាវាចម្បាំងខ្នាតធំពីគ្រឿង ដែលមានឈ្មោះថា Azov និង Yamal ក៏ដូចជាមជ្ឈមណ្ឌលទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីផងដែរ នៅក្នុងឧបទ្វីបគ្រីមៀ»

អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev ដែលត្រូវបានតែងតាំងដោយរុស្ស៊ីបាននិយាយតាមរយៈកម្មវិធីផ្ញើសារ Telegram ថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងទូកដឹកអ្នកដំណើរ ត្រូវបានរងការខូចខាតដោយផ្នែក។

លោកបានបន្ថែមទៀតថា រថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣ គ្រឿង រថយន្តដឹកសាលាចំនួន ១៣ គ្រឿង និងរថយន្ត trolleybus មួយគ្រឿង គឺស្ថិតក្នុងចំណោមរថយន្តដែលរងការខូចខាត ក្នុងអំឡុងពេលការវាយប្រហារពេលយប់។

គួរជម្រាបថា រុស្ស៉ី បានកាត់យកតំបន់គ្រីមៀពីអ៊ុយក្រែនដាក់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។ អ៊ុយក្រែនវិញបានបើកការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូន ជាញឹកញាប់លើគោលដៅសំខាន់ៗក្នុងតំបន់គ្រីមៀ នាមួយរយៈពេលចុងក្រោយនេះនៃសង្រ្គាម។ កាលពីខែមករា ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kirill Budanov បាននិយាយថាការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងតំបន់គ្រីមៀ នឹងបន្តកើនឡើង៕