(មូស្គូ)៖ បុរស៤នាក់ដែលត្រូវបានអាជ្ញាធររុស្ស៉ីចាប់ខ្លួន ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើសាលប្រគំតន្ត្រីមួយនៅជាយទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយសម្លាប់មនុស្ស ១៣៧នាក់ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទភេរវកម្ម និងត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនរង់ចាំសវនាការកាត់ទោស។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តុលាការស្រុក Basmanny នៃទីក្រុងមូស្គូ បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនាថា ជនសង្ស័យទាំង៤នាក់ អាចប្រឈមមុខនឹងទោស ជាប់ពន្ធនាគារអស់មួយជីវិត។ ជនសង្ស័យទាំងនេះត្រូវបានបង្គាប់ឱ្យឃុំខ្លួនរហូតដល់ថ្ងៃទី២២ ខែឧសភា ប៉ុន្តែការឃុំខ្លួននេះអាចនឹងមានរយៈពេលយូរជាងនេះ អាស្រ័យទៅលើថាតើសវនាការកាត់ទោសនឹងត្រូវបានធ្វើឡើងនៅពេលណា? តាមសេចក្ដីថ្លែងការណ៍នេះដដែល ជនជាប់ចោទ ២នាក់ ក្នុងចំណោម៤នាក់ ដែលក្នុងនោះ មានម្នាក់មកពីប្រទេសតាហ្ស៉ីគីស្ថាន បានសារភាពពីទោសកំហុស។

គួរបញ្ជាក់ថា អាជ្ញាធររុស្ស៉ី បានចាប់ខ្លួនមនុស្សសរុប ១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករ​ទាំង៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ផងដែរ ហើយជនទាំង ៤នាក់នេះដែរត្រូវបានបញ្ជាក់ថាជាជនបរទេសទាំងអស់។ ក្រុម ISIS បានចេញមុខអះអាងថាការវាយប្រហារលើសាលប្រគំតន្ត្រីនៅជាយទីក្រុងមូស្គូ គឺជាស្នារបស់ខ្លួន តែប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ថាទីក្រុងកៀវមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនេះ ដ្បិតលោកទទួលបានព័ត៌មានថាភេរវករទាំងនោះ ត្រូវបានចាប់ខ្លួន អំឡុងព្យាយាមរត់គេចចូលក្នុងទឹកដីអ៊ុយក្រែន។ ប៉ុន្តែទីក្រុងកៀវបានច្រានចោលការចោទប្រកាន់បែបនេះ៕