(តៃប៉ិ)៖ អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou នឹងបំពេញទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសចិន នាខែក្រោយ ដោយនឹងដឹកនាំ​សិស្ស-និស្សិតមួយក្រុម ក្នុងដំណើរទស្សនកិច្ចមានរយៈពេលសរុប១១ថ្ងៃ ទៅកាន់កន្លែងផ្សេងៗ រួមមានទាំងរដ្ឋធានីប៉េកាំងផងដែរ។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។

លោក Ma ដែលធ្លាប់ជាមេដឹកនាំតៃវ៉ាន់ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ បានក្លាយជាអតីតមេដឹកនាំដំបូងគេរបស់ដែនកោះនេះ ដែលបាន​បំពេញទស្សនកិច្ចទៅកាន់ចិន កាលពីឆ្នាំមុន។ ចាប់តាំងពីចាញ់សង្រ្គាមស៉ីវិលនៅឆ្នាំ១៩៤៩មក មិនធ្លាប់មានមេដឹកនាំតៃវ៉ាន់រូបណា បំពេញ​ទស្សនកិច្ចទៅកាន់ប្រទេសចិន ទាំងកំពុងនៅកាន់អំណាចឡើយ។ កោះតៃវ៉ាន់ ទោះបីមានរដ្ឋាភិបាលដឹកនាំដាច់ដោយឡែកក៏ដោយ គឺត្រូវ​ប្រទេសចិនចាត់ទុកត្រឹមជាផ្នែកមួយប៉ុណ្ណោះ នៃទឹកដីរបស់ខ្លួន ខណៈទីក្រុងប៉េកាំងបានបង្កើន ការដាក់សម្ពាធទាំងតាមផ្នែកនយោបាយ និងយោធា ទៅលើតៃវ៉ាន់។

គួរបញ្ជាក់ថា លោក Ma ធ្លាប់ជួបមុខប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯប្រទេសសិង្ហបុរី កាលពីចុងឆ្នាំ២០១៥ គឺមិនយូរប៉ុន្មាន ​មុនពេលមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន លោកស្រី Tsai Ing-wen ជាប់ឆ្នោតជាមេដឹកនាំ។ លោក Ma Ying-jeou បន្តនៅជាសមាជិកជាន់ខ្ពស់ម្នាក់ នៃគណបក្សប្រឆាំងធំជាងគេរបស់តៃវ៉ាន់ Kuomintang (KMT) ដែលកាលពីខែមករា ដើមឆ្នាំនេះ បានទទួលបរាជ័យជាលើកទី៣ជាប់គ្នា ក្នុងការបោះឆ្នោតរើសមេដឹកនាំតៃវ៉ាន់អាណត្តិថ្មី។ គណបក្សកាន់អំណាច DPP របស់លោកស្រី Tsai បានបន្តទទួលជ័យជម្នះ ហើយលោក Lai Ching-te នឹងចូលកាន់តំណែងជាផ្លូវការ នៅខែឧសភា ខាងមុខ៕