(ប៉េកាំង)៖ “បើខ្ញុំមានបញ្ហាអី ខ្ញុំច្បាស់ជាមិនមែនធ្វើអត្តឃាតទេ។” ប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានទម្លាយពី កិច្ចសន្ទនារវាងលោក John Barnett បុគ្គលិកចូលនិវត្តន៍របស់ក្រុមហ៊ុនប៊ូអីង ជាមួយមិត្តភក្ដិរបស់លោក ដែលធ្វើឱ្យមន្ទិលសង្ស័យចំពោះក្រុមហ៊ុនប៊ូអីងកាន់តែខ្លាំងឡើង។

សូមបញ្ជាក់ថា លោក John Barnett  ដែលមានអាយុ៦២ឆ្នាំ ធ្លាប់បំពេញការងារនៅក្រុមហ៊ុនប៊ូអីងអស់រយៈពេលជាង៣០ឆ្នាំ ហើយកាន់មុខតំណែងជានាយកទទួលបន្ទុកគ្រប់គ្រង់ គុណភាពក្នុងរយៈពេលយូរ។ លោកបានទម្លាយពី បញ្ហាផលិតយន្តហោះដឹកអ្នកដំណើរ និងភាពវឹកវរផ្ទៃក្នុងក្រុមហ៊ុន ដូច្នេះត្រូវគេហៅថាជា “អ្នកផ្លុំកញ្ចែ” របស់ក្រុមហ៊ុនប៊ូអីង។ ថ្ងៃទី៩ ខែមីនា តាមម៉ោងក្នុងតំបន់ លោកត្រូវបានឃើញថា បានស្លាប់ក្នុងឡានដឹកទំនិញមួយគ្រឿង ប៉ូលីសអាមេរិកបានវិនិច្ឆ័យថា “លោកបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ”។ ប៉ុន្តែនៅថ្ងៃដដែលនោះ លោកត្រូវតែធ្វើសវនាការអំពីសំណុំ រឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប៊ូអីង។

ការស្លាប់របស់លោក John Barnett គ្រាន់តែជាមួយជ្រុងតូចរបស់ “វិបតិ្តទំនុកចិត្ត” ចំពោះក្រុមហ៊ុនប៊ូអីងនាពេលថ្មីៗកន្លងទៅនេះ តែប៉ុណ្ណោះ។ តាំងពីចូលឆ្នាំនេះមក ក្រុមហ៊ុនប៊ូអីងបានកើតមានបញ្ហាសុវត្ថិភាពមួយចំនួនជាបន្តបន្ទាប់។ តាមស្ថិតិរបស់ប្រព័ន្ធសារព័ត៌មាន Fox របស់អាមេរិកបានឱ្យដឹងថា ត្រឹមតែក្នុងរយៈពេលពីខែមករាដល់ខែកុម្ភៈ យន្តហោះរបស់ក្រុមហ៊ុនប៊ូអីងក៏បានកើត មានហេតុការណ៍ចំនួន៦លើក រហូតដល់ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ត្រូវតែផ្លាស់យន្តហោះដោយបង្ខំ ដោយសារយន្តហោះមានបញ្ហា។ ជាងនេះទៅទៀត ពេលឈានចូលខែមីនា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនប៊ូអីង ក៏តែងតែងកើតមានបញ្ហាមួយចំនួន ដូចជារបូតកង់នៅពេលហោះឡើង ក្បាលម៉ាស៊ីនផ្ទុះភ្លើងនៅលើអាកាស និងកង្វះខាតនៃផ្នែកខាងក្រៅរបស់តួយន្តហោះជាដើម។

ក្នុងនាមជាម៉ាកឈានមុខនៃ “ផលិតកម្មអាមេរិក” ក្រុមហ៊ុនប៊ូអីងមានប្រវិត្តសាស្ត្រជាង១រយឆ្នាំហើយ។ ដោយសារមុខងារសុវត្ថិភាព និងកម្លាំងជាក់ស្តែងខាងវិស្វកម្ម ក្រុមហ៊ុននេះត្រូវគេចាត់ទុកថាជា “មោទនភាពរបស់អាមេរិក”។ ប៉ុន្តែ ខណៈពេលប្រទេសដទៃទៀតលើកកម្ពស់ កម្រិតផលិតកម្មតាមរយៈការរៀនសូត្រ តាមបទពិសោធរបស់ក្រុមហ៊ុនប៊ូអីង សេដ្ឋកិច្ចអាមេរិកបែរជា “ក្លាយពីភាពប្រាកដប្រជាទៅជាភាពអាប់អួរ ” ហើយបានភ្លេចវប្បធម៌ធ្វើការសម្រិតសម្រាំង របស់វិស្វករទាំងស្រុងរួចហើយ។ អ្នកវិភាគបានសម្គាល់ឃើញថា បញ្ហាវឹកវររបស់ក្រុមហ៊ុនប៊ូអីង ក្នុងដំណើរផលិតមានរយៈពេលយូរហើយ មូលហេតុសំខាន់ គឺក្រុមហ៊ុននេះយកចិត្តទុកដាក់តែមូលបត្រ មើលស្រាលគុណភាព ថ្នាក់ដឹកនាំតែងតែផ្លាស់ប្តូរ និងខ្វះយន្តការដេញដោលរកទំនួលខុសត្រូវជាដើម។

មុននឹងទទួលមរណភាព លោក John Barnett  ធ្លាប់ទម្លាយថា ដើម្បីពន្លឿនការងារ ក្រុមហ៊ុនប៊ូអីងមិនសូវផ្ដោតលើគុណភាពទេ រហូតដល់មានបុគ្គលិកខ្លះទាញយកគ្រឿងបន្លាស់ពី ធុងសំណល់អេតចាយសម្រាប់ដំឡើងឡើងវិញ។ នៅផ្ទៃក្នុងក្រុមហ៊ុន បានលេចចេញ “វប្បធម៌លាក់បាំង”ម្យ៉ាង ផ្តោតសំខាន់ប្រាក់ចំណេញជាងសុវត្ថិភាពទៅទៀត ដូច្នេះ សោកនាដកម្មបានកើតឡើងដោយចៀសវាងមិនបាន ។ ការខ្វះខាតការត្រួតពិនិត្យពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់អាមេរិក ជាកត្តាស្រទាប់ជ្រៅដែលបណ្តាលឱ្យក្រុមហ៊ុនប៊ូអីង កើតមានគ្រោះថ្នាក់ក្នុងហោះហើរ។

និយាយចំពោះក្រុមហ៊ុនប៊ូអីង ក្នុង “វិបតិ្តទំនុកចិត្ត” លើកនេះ មិនត្រឹមតែធ្វើឱ្យយន្តហោះខូចឈ្មោះប៉ុណ្ណោះទេ ជាងនេះទៅទៀតក៏ធ្វើឱ្យក្រុមហ៊ុននេះ ខូចឈ្មោះទៀតផង។ របាយការណ៍ហិរញ្ញវត្ថុនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា គិតរហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុនប៊ូអីងបានជំពាក់ប្រាក់សរុបចំនួន ១៥១ពាន់លានដុលារអាមេរិក មានទ្រព្យសម្បតិ្តសរុបចំនួន១៣៤៣០០លានដុល្លារអាមេរិក ពោលគឺទ្រព្យសម្បតិ្តតិចជាងប្រាក់បំណុល ។ ក្នុងនាមជាក្រុមហ៊ុននាំចេញធំជាងគេរបស់អាមេរិក បច្ចុប្បភាពរបស់ក្រុមហ៊ុនប៊ូអីងជាលទ្ធផល នៃការខ្វះខាតគ្រប់គ្រងផង ហើយក៏ជាគំរូនៃការថមថយចុះរបស់ឧស្សាហកម្មផលិត របស់អាមេរិកទាំងមូលផងដែរ។

សុវត្ថិភាពហោះហើរមិនមែនជារឿងតូចតាចទេ នេះបានពាក់ព័ន្ធដល់សុវត្ថិភាពរបស់ប្រជាជន នៅលើពិភពលោកទាំងមូល។ ប្រឈមមុខនឹង “មន្ទិលសង្ស័យចំពោះក្រុមហ៊ុនប៊ូអីង” បណ្តាភាគីពាក់ព័ន្ធរបស់អាមេរិក មិនត្រូវគេចវេះពីបញ្ហានិងច្រានចោល ទំនួលខុសត្រូវឡើយ ត្រូវឆ្លើយតបយ៉ាងប្រាកដប្រជា ចំពោះការយកចិត្តទុកដាក់របស់បណ្តាភាគីនានា ហើយត្រូវផ្តល់ការបកស្រាយដ៏សមហេតុផលដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន