(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៨ ខែមីនា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានធ្វើសន្និសីទសារព័ត៌មាន អ្នកទទួលខុសត្រូវពាក់ព័ន្ធ នៃរដ្ឋបាលជាតិស្ថិតិចិនណែនាំថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ ស្របពេលដែលប្រសិទ្ធភាព នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចត្រូវបានបញ្ចេញជាបន្តបន្ទាប់ តម្រូវការផ្នែកផលិតកម្មបានកើនឡើងជាលំដាប់ ស្ថានភាពប្រកបការងារ មានស្ថិរភាពជាទូទៅ សន្ទស្សន៍នៃថ្លៃទំនិញប្រើប្រាស់របស់ប្រជាជន បានប្រែពីការធ្លាក់ចុះទៅជាការកើនឡើង បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២៣ គុណភាពនៃការអភិវឌ្ឍ មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ហើយដំណើរការ នៃសេដ្ឋកិច្ចចិន មានការចាប់ផ្តើមដោយរលូន ដែលបានបន្តនិន្នាការងើបឡើងវិញ ប្រកបដោយភាពល្អប្រសើរ។ បើមើលពី សភាពការណ៍ដំណើរការ នៃសូចនាករសេដ្ឋកិច្ចសំខាន់ៗពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ អាចឃើញថា ដំណើរការនៃសេដ្ឋកិច្ចចិន បានបង្ហាញពីការប្រែប្រួល យ៉ាងសកម្មជាច្រើន។

ទីមួយ សន្ទស្សន៍នៃតម្រូវការផ្នែកផលិតកម្មសំខាន់ៗ បានកើនឡើងជាលំដាប់។ បើមើលពីខាងផលិតកម្ម ផលិតកម្មឧស្សាហកម្ម បានបង្កើនល្បឿន ឧស្សហកម្មផលិតកម្ម ទំនិញប្រើប្រាស់ និងបច្ចេកវិទ្យាខ្ពស់បានកើនឡើងវិញ ហើយក្របខណ្ឌកំណើននៃឧស្សាហកម្ម និងមុខរបរត្រូវបានពង្រីក។ បើមើលពីខាងតម្រូវការ ការលក់នៅទីផ្សារ បន្តងើបឡើងវិញ សក្ដានុពលប្រើប្រាស់របស់ទំនិញ ដែលបានធ្វើឱ្យ ប្រសើរឡើងត្រូវបានបញ្ចេញ ហើយថ្ងៃឈប់សម្រាកបានជំរុញឱ្យ ការប្រើប្រាស់សេវាកម្មឡើងកម្តៅ។ បើមើលពី ខាងវិនិយោគ ការវិនិយោគលើវិស័យកម្មន្តសាល ក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៤ បានកើនឡើង៩.៤ភាគរយដោយបង្កើន ល្បឿន២.៩ភាគរយ។ ការវិនិយោគក្នុង ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងការវិនិយោគក្នុងការកែលម្អបច្ចេកវិទ្យានៃផលិតកម្ម បានកើនឡើង ៩.៤ភាគរយនិង ១៥.១ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបានរក្សាល្បឿនកំណើនដ៏លឿនគួរសម។

ទីពីរ ស្ថានភាពប្រកបការងារមានស្ថិរភាពជាទូទៅ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីបានរក្សាស្ថិរភាព។ អត្រាបាត់បង់ការងារនៅតាមទីក្រុង និងជនបទដែលបានចុះបញ្ជីនៅខែមករា គឺ៥.២ភាគរយ ហើយនៅខែកុម្ភៈ គឺ៥.៣ភាគរយ ដែលបានធ្លាក់ចុះ០.៣ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ទីបី សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់ ប្រជាជនបានប្រែពី ការធ្លាក់ចុះ ០.៨ភាគរយ កាលពីខែមុន ទៅជាការកើនឡើង០.៧ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២៣។

ទីបួន កម្លាំងចលាករថ្មីនិងឧត្តមភាពថ្មីត្រូវបានពូនដ្រំដោយឥតឈប់ឈរ ហើយទម្រង់អាជីវកម្មថ្មីបន្តមានភាពសកម្ម។ ពីខែមករាដល់ ខែកុម្ភៈឆ្នាំនេះ ការលក់រាយទំនិញ តាមអ៊ីនធឺណែធបានកើនឡើង១៤.៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ និងកើនឡើង៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ពេញមួយឆ្នាំ។

នាពេលបច្ចុប្បន្ន ទោះបីជាបរិយាកាសដែលការអភិវឌ្ឍសេដ្ឋកិច្ច កំពុងប្រឈមនៅតែមានភាពស្មុគស្មាញ និងតឹងរ៉ឹងក៏ដោយ ក៏ប៉ុន្តែ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចិនបានវិវឌ្ឍទៅរក ភាពល្អប្រសើរជាបន្តបន្ទាប់ ហើយកត្តាវិជ្ជមានដែលជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ ប្រកបដោយភាពល្អប្រសើរ កំពុងសន្សែសន្សំនិងត្រូវពង្រឹង ម្យ៉ាងទៀត គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចបន្តជះឥទ្ធិពល និងមានប្រសិទ្ធិភាព បានជាអាចផ្តល់ការទ្រទ្រង់ដល់ការសម្រេចបាន នូវគោលដៅរំពឹងទុកនៃកំណើនសេដ្ឋកិច្ច ពោលគឺហែល ៥ភាគរយ។

បើមើលពីសភាពការណ៍សន្ទស្សន៍ពីខែមករាដល់ខែកុម្ភៈ តម្រូវការផ្នែកផលិតកម្មបានកើនឡើងជាលំដាប់ ហើយសូចនាករភាគច្រើន បានរក្សានិន្នាការកំណើនដ៏ល្អបង្គួរ។ ស្ថានភាពប្រកបការងារមានស្ថិរភាពជាទូទៅ ថ្លៃទំនិញប្រើប្រាស់មានលំនឹង និងងើបឡើងវិញ ហើយដំណើរការនៃសេដ្ឋកិច្ចបានបន្តនិន្នាការងើបឡើងវិញ និងល្អប្រសើរឡើង ដោយបានចាក់គ្រឹះដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាពនិងឆាប់រហ័សពេញមួយឆ្នាំ។ ស្របពេលជាមួយនឹងការស្ដារឡើងវិញបន្តិចម្តងៗ នៃកម្លាំងចលករផ្ទៃក្នុង សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច លំហូរនៃកត្តា ដូចជាមនុស្សនិងទំនិញជាដើម កាន់តែមានភាពរស់រវើក ដែលនឹងអំណោយផលដល់ការកែលម្អ វដ្តសេដ្ឋកិច្ចជាលំដាប់។ ក្នុងរយៈពេល ពីរខែដំបូងនៃឆ្នាំ២០២៤ បរិមាណដឹកជញ្ជូនអ្នកដំណើរ បានកើនឡើង២៧.៤ភាគរយ ហើយទំហំលក់រាយនៃឧស្សហកម្មសេវាកម្ម បានកើនឡើង១២.៣ភាគរយ ដែលបានផ្តល់ នូវការគាំទ្រយ៉ាងខ្លាំងដល់ ការពង្រីកតម្រូវការនៃការប្រើប្រាស់។

ក្រោមការជំរុញពីតម្រូវការនៃការប្រើប្រាស់ខាងសេវាកម្ម ឧស្សហកម្មសេវាកម្មបានស្ទុះងើបឡើងវិញពីរខែជាប់គ្នា។ ការរីកធំធាត់ឡើង ដោយល្បឿនលឿន នៃការប្រើប្រាស់បែបថ្មី នឹងពង្រីកលំហកំណើនសេដ្ឋកិច្ចបន្ថែមទៀត ដែលមានអំណោយផលដល់ការជំរុញឱ្យ សេដ្ឋកិច្ចងើបឡើងវិញជាបន្តបន្ទាប់ទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន