(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃចន្ទ ទី២៥ ខែមីនាបានប្រាប់ប្រទេសអឺរ៉ុបចំនួន៤ថាផែនការរបស់ពួកគេ ដើម្បីឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងក្លាយជា ការផ្ដល់រង្វាន់សម្រាប់អំពើភេរវកម្ម ដែលនឹងកាត់បន្ថយឱកាសនៃកិច្ចចរចាលើដំណោះស្រាយនៃកិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិកម្មរបស់អ៉ីស្រាអែល កើតមានឡើងបន្ទាប់ពីអេស្ប៉ាញ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាននិយាយថាក្នុងនាមសន្តិភាពនៃតំបន់មជ្ឈិមបូព៌ា ខ្លួនឯកភាពជាមួយប្រទេសអៀរឡង់ ម៉ាល់ត៍ និងស្លូវេនី ថានឹងបោះជំហានដំបូងឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែលត្រូវបានប្រកាសដោយប៉ាឡេស្ទីន ក្នុងតំបន់ West Bank និង Gaza Strip។

ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz បានគូសបញ្ជាក់ដូច្នេះថា «ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបន្ទាប់ពី ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា គឺជាការបញ្ជូនសារមួយទៅកាន់ក្រុមហាម៉ាស និងក្រុមភេរវករប៉ាឡេស្ទីនដទៃទៀតថាការវាយប្រហារភេរវកម្មលើជនជាតិអ៉ីស្រាអែល នឹងដូរបានមកវិញនូវកាយវិការនយោបាយសម្រាប់ប្រជាជនប៉ាឡេស្ទីន... ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនគឺមានតែរារាំងដល់ដំណោះស្រាយនៃកិច្ចចរចា និងបង្កើនអស្ថិរភាព ក្នុងតំបន់តែប៉ុណ្ណោះ»

លោក Israel Katz មិនបានបញ្ជាក់នោះថាតើអ្វីទៅជាដំណោះស្រាយដែលលោកបានលើកឡើង តែកន្លងមក រដ្ឋាភិបាលចម្រុះដឹកនាំដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រឆាំងដាច់ខាតចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន៕