(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសអ៉ីរ៉ង់ IRNA បានរាយការណ៍ថា មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន គឺលោក Ismail Haniyeh បានធ្វើដំណើរមកដល់រដ្ឋធានីតេហេរ៉ង់នាថ្ងៃអង្គារនេះ ដើម្បីជួបជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ រួមមានទាំងរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខរបស់​អង្គការសហប្រជាជាតិ (UN) បានអនុម័តដំណោះស្រាយមួយ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងអ៉ីស្រាអែលនិងហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានចេញមុខនិយាយថា ការអនុម័តដំណោះស្រាយកាលពីថ្ងៃចន្ទ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ UN គឺជាការបោះជំហានវិជ្ជមានមួយ។ លោក Kanaani បានលើកឡើងបន្ថែមទៀតថា «ជំហានដែលសំខាន់ជាង​នេះទៅទៀតនោះ គឺការចាត់សកម្មភាពដែលមានប្រសិទ្ធភាព សម្រាប់ការអនុវត្តវា»។ ចំណែក ក្រុមហាម៉ាសក៏បានសម្តែងការស្វាគមន៍ ​ចំពោះដំណោះស្រាយរបស់ UN ផងដែរ ប៉ុន្តែបាននិយាយថា បទឈប់បាញ់ចាំបាច់ត្រូវជាអចិន្រ្តៃយ៍។ សហរដ្ឋអាមេរិកបានបោះឆ្នោតអនុបវាទ ចំពោះដំណោះស្រាយខាងលើ ជាហេតុនាំឱ្យវាអាចអនុម័តទៅបាន ប៉ុន្តែប្រការនេះ បានបង្កឱ្យមានភាពប្រេះឆាកាន់តែខ្លាំងឡើង ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៉ីស្រាអែល។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានផ្តល់ការគាំទ្រដល់ក្រុមហាម៉ាស នៅក្នុងសង្រ្គាមរយៈពេលជិត៦ខែមកនេះ ជាមួយអ៉ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន​ សរុបលើស៣២,០០០នាក់ហើយ នៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ ដំណើរទស្សនកិច្ចខាងលើនៅប្រទេសអ៉ីរ៉ង់ គឺជាលើកទី២របស់លោក Haniyeh គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕