(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់នូវ «ក្តីបារម្ភយ៉ាងខ្លាំង» ជុំវិញសកម្មភាពរបស់ឆ្មាំឆេ្នរសមុទ្រចិន ដែលហ្វីលីពីនថោទថា បានប្រើកាណុងបាញ់ទឹកមកលើទូករបស់ខ្លួន ហើយថាវាកាន់តែបង្កភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lim Soo-suk បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «យើងពិតជាមានក្តីព្រួយបារម្ភអំពី សកម្មភាពប្រើកាណុងបាញ់ទឹកកាលពីពេលថ្មីៗនេះ និងបានកើតឡើងទៀតនៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះជាសកម្មភាពដែលបង្កភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកអន្តរជាតិដ៏សំខាន់ ប្រើប្រាស់ដោយគ្រប់ប្រទេសរួមទាំងកូរ៉េខាងត្បូងផងដែរ និងធ្វើឱ្យខូចខាតដល់ កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើច្បាប់។ លោក Lim Soo-suk បានបន្ថែមថា «សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ត្រូវតែគោរពដោយប្រទេសទាំងអស់ក្រោមច្បាប់អន្តរជាតិ»។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានហៅភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ថាជា ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពដើមដោយបង្ខំ៕