(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បាននិយាយថា ការលាលែងពីតំណេងនៃប្រធានាធិបតីវៀតណាមទី២ ក្នុងរយៈពេលត្រឹមជាង១ឆ្នាំ មិនប៉ះពាល់ដល់គោលនយោបាយការបរទេស ឬគោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាមឡើយ ដោយសារតែរបបដឹកនាំ និងតាក់តែងគោលនយោបាយ បែបសមូហភាពរបស់​ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

ឆ្លើយតបនឹងសំណួរនៅឯគ្រឹះស្ថានស្រាវជ្រាវ Brookings Institution ក្នុងរដ្ឋធានីវ៉ាស៉ីនតោន អំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធការលាលែងពីតំណែងប្រធានាធិបតីវៀតណាម របស់លោក Vo Van Thuong កាលពីសប្តាហ៍មុន លោក Son បាននិយាយថា វៀតណាមកំពុងបន្តធ្វើយុទ្ធនាការបោសសំអាតអំពើពុករលួយ ដែលត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិ និងវិស័យធុរកិច្ច។

លោកប្រមុខការទូតវៀតណាម បានលើកឡើងដូច្នេះថា «ការលាលែងពីតំណែងរបស់ប្រធានាធិបតី នៅក្នុងប្រទេសវៀតណាម បើតាមការយល់ឃើញរបស់ខ្ញុំ គឺមិនបានជះផលប៉ះពាល់ចំពោះគោលនយោបាយការបរទេសរបស់យើង ឬក៏គោលនយោបាយស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ចឡើយ។ ប្រសិនបើអ្នកក្រឡេកមើល ស្ថានការណ៍នៅវៀតណាម គឺយើងមានថ្នាក់ដឹកនាំបែបសមូហភាព គោលនយោបាយការបរទេសបែបសមូហភាព ហើយពួកយើងសម្រេចចិត្តក្នុងលក្ខណៈសមូហភាព អំពីផែនការអភិវឌ្ឍសេដ្ឋកិច្ច។ ដូច្នេះខ្ញុំគិតថា ប្រសិនបើបុគ្គលម្នាក់ឬពីរនាក់ ក្នុងជួរថ្នាក់ដឹកនាំលាលែងពីតំណែងក៏ដោយ វានឹងមិនកែប្រែស្ថានការណ៍ឡើយ»

គួរបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោក Thuong បាននាំឱ្យមានការចោទសួរ អំពីស្ថិរភាពនៅក្នុងប្រទេសវៀតណាម ដ្បិតរូបលោក​ទើបតែត្រូវបានជ្រើសតាំងជា ប្រធានាធិបតីកាលពីជាង១ឆ្នាំមុន ជំនួសលោក Nguyen Xuan Phuc ដែលត្រូវបានបង្ខំឱ្យលាលែងពី​តំណែង ក្នុងស្ថានភាពស្រដៀងគ្នា។ យោងតាមក្រុមអ្នកវិភាគ ស្ថិរភាពដែលត្រូវធានាបានរាប់ទសវត្សរ៍មកហើយ ដោយគណបក្សកុម្មុយនិស្តវៀតណាម ឥឡូវនេះហាក់មិនសូវមានភាពប្រាកដប្រជាដូចមុនឡើយ ប៉ុន្តែពួកគេទទួលស្គាល់ថា ការប្រែប្រួលនៃ​ថ្នាក់ដឹកវៀតណាមនាពេលនេះ គឺនឹងមិនប៉ះពាល់ដល់គោលនយោបាយសំខាន់ៗរបស់វៀតណាមទេ ដូចជាគោលនយោបាយការទូត bamboo diplomacy ជាដើម ដែលមានគោលដៅរក្សាទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិកនិងចិន ក្នុងពេលព្រមគ្នា៕