(ហ្កាហ្សា)៖ អ៉ីស្រាអែល កាលពីថ្ងៃពុធ ទី២៧ ខែមីនា បានទម្លាក់គ្រាប់បែកលើផ្ទះ៤ខ្នងក្នុងទីក្រុង Rafah ដោយបង្កើនការភ័យខ្លាចនៅក្នុងចំណោមប្រជាជន ប៉ាឡេស្ទីនជាង១លាននាក់ ដែលកំពុងជ្រកកោនក្នុងទីក្រុងស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាមួយនេះថាប្រតិបតិ្តការវាយលុកតាមជើងគោករបស់អ៉ីស្រាអែល អាចនឹងចាប់ផ្ដើមឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា មនុស្ស១១នាក់ ជាសមាជិកគ្រួសារតែមួយត្រូវបានសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលក្នុងទីក្រុង Rafah ហើយការទម្លាក់គ្រាប់បែកនេះដែរកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងតំបន់ហ្កាហ្សា។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាថាអ៉ីស្រាអែលនឹងវាយលុកចូលទីក្រុង Rafah តាមផែនការ បើទោះជាមានការព្រមាន ពីសហរដ្ឋអាមេរិកថាការវាយលុកជើងគោកទ្រង់ទ្រាយធំនឹងបង្កជាគ្រោះមហន្តរាយមនុស្សធម៌ក៏ដោយ។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៣២ ០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែក និងប្រតិបត្តិការ ជើងគោករបស់អ៉ីស្រាអែល ខណៈ៨០ភាគរយនៃប្រជាជនហ្កាហ្សាជាង ២.៣លាននាក់ បានរត់ភៀសខ្លួនពីសង្រ្គាម និងភាគច្រើនកំពុងប្រឈមមុខនឹងហានិភ័យ នៃគ្រោះទុរភិក្ស៕