(បេរូត)៖ កងកម្លាំងសន្តិសុខបានប្រាប់ Reuters កាលពីថ្ងៃពុធសប្តាហ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់ ដែលមានទាំងសមាជិកក្រុមហេសប៊ូលឡាផងនោះ បានស្លាប់ក្នុងការវាយប្រហារបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់លីបង់ បានរាយការណ៍ថា មនុស្ស ៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅឯភូមិជាប់ព្រំដែន Tair Harfa និងការវាយប្រហារតូចមួយទៀតបន្ទាប់នោះ លើភោជនីយដ្ឋានមួយក្នុងទីក្រុង Naqura សម្លាប់មនុស្ស ៣នាក់។ ក្រុមហេសប៊ូលឡានិយាយថា ខ្លួនបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ទៅលើទីក្រុងភាគជើង Kiryat Shmona របស់អ៉ីស្រាអែល ជាការឆ្លើតបទៅនឹងការវាយប្រហាររបស់អ៉ីសា្រអែលមកលើភាគខាងត្បូងលីបង់ ដែលបណ្តាលឱ្យអ្នកប្រយុទ្ធហេសប៊ូលឡា ២នាក់ស្លាប់។

គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហេសប៊ូលឡា បានបង្កើនការបាញ់ផ្លោងឆ្លងព្រំដែនតាំងពីសង្រ្គាមនៅហ្គាហ្សាផ្ទុះឡើង កាលពីខែតុលា ឆ្នាំ ២០២៣។ នេះជាការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាងគូសត្រូវទាំងពីរក្រោយសង្រ្គាមរយៈពេលវែងឆ្នាំ ២០០៦៕