(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល ៦នាក់ និងអង្គភាពចំនួន ២មានមូលដ្ឋាននៅរុស្ស៉ី ចិន និងអេមីរ៉ាត់អារ៉ាប់រួម ដោយចោទប្រកាន់ថាបានផ្តល់មូលនិធិដល់កម្មវិធីអាវុធរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៤។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា បុគ្គលទាំង ៦នាក់ដែលស្ថិតក្រោមទណ្ឌកម្ម មានឈ្មោះ Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho និង Jon Yon Gun។ ចំណែកអង្គភាពដែលរងទណ្ឌកម្មនេះ មានដូចជា Alis LLC ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Vladivostok របស់រុស្ស៉ី និងក្រុមហ៊ុន Pioneer Bencont Star Real Estate មានមូលដ្ឋាននៅអេមីរ៉ាត់អារ៉ាប់រួម។ ក្រុមហ៊ុនទាំងពីរ គឺជាសាខារបស់ Chinyong Information Technology Cooperation Co ដែលជាអង្គភាពមួយដែលមានទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា តំណាលគ្នានឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូងឯណោះវិញក៏បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល ៤រូបក្នុងចំណោមនោះ និងក្រុមហ៊ុនទាំងពីរនោះដែរ ក្រោមការចោទប្រកាន់ដូចគ្នាថា បានផ្តល់មូលនិធិឱ្យកម្មវិធីអាវុធរបស់កូរ៉េខាងជើង៕