(វ៉ាស៉ីនតោន)៖ ក្រុមអង្គការសិទ្ធិមនុស្សនិងអន្តោប្រវេសន៍ចំនួនជិត៥០០ បានសរសេរលិខិតទទូចឱ្យរដ្ឋាភិបាលអាមេរិក បញ្ឈប់ការបណ្តេញ​ជនជាតិហៃទី និងពង្រីកកម្មវិធីការពារជនចំណាកស្រុកបន្ថែម ស្របពេលដែលជម្លោះរវាងក្រុមជនអន្ធពាល បានកើនឡើងកម្តៅយ៉ាងខ្លាំង នៅក្នុងប្រទេសហៃទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

ប្រទេសជាច្រើនរួមមានទាំងសហរដ្ឋអាមេរិក កាណាដា និងបារាំង បាននាំគ្នាជម្លៀសពលរដ្ឋពួកគេ ព្រមទាំងបុគ្គលិកអង្គការអន្តរជាតិផ្សេងៗ ដូចជាអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាដើម ចេញពីហៃទី។ ចំណែកឯប្រទេសជិតខាងហៃទី បានពង្រឹងសន្តិសុខនៅតាមតំបន់ព្រំដែន ហើយបណ្តេញជនជាតិហៃទីទាំងឡាយ ដែលបានរត់គេចពីអំពើហិង្សាត្រឡប់ទៅប្រទេសពួកវិញ បើទោះបីជាមានការរិះគន់ពីអង្គការសហប្រជាជាតិក៏ដោយ។ អាមេរិកនិងកាណាដា ក៏បានដាក់ពង្រាយកងទ័ព ឱ្យទៅការពារសុវត្ថិភាព​ស្ថានទូតរបស់ពួកគេផងដែរ។

ក្នុងលិខិតរបស់អង្គការសិទ្ធិមនុស្សខាងលើ ដែលចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះ ពួកគេបានអំពាវនាវដល់រដ្ឋាភិបាលអាមេរិក ឱ្យពង្រីកបន្ថែមនូវ​កម្មវិធីការពារបណ្តោះអាសន្នសម្រាប់ជនជាតិហៃទី និងបញ្ឈប់ការបណ្តេញនិងបញ្ជូនពួកគេត្រឡប់ទៅវិញដោយបង្ខំ។ អង្គការទាំងនោះ បានបន្តថា ប្រសិនបើសហរដ្ឋអាមេរិកមិនអាចរក្សា សុវត្ថិភាពបុគ្គលិកខ្លួននៅហៃទីបានផងនោះ រដ្ឋាភិបាលហៃទីក៏ទំនងជាមិនអាច ការពារ​ប្រជាពលរដ្ឋបានដែរ នាពេលនេះ។

គួរបញ្ជាក់ថា ស្ថានការណ៍នយោបាយ នៅប្រទេសដែនកោះនៃតំបន់សមុទ្រការីបង់ (Caribbean) មួយនេះ គឺបានស្ថិតក្នុងភាពជាប់គាំង អស់រយៈពេលជាង២សប្តាហ៍មកហើយ ដោយក្រុមអ្នកនយោបាយក្នុងតំបន់ មិនអាចមូលមតិគ្នាក្នុងការជ្រើសតាំងប្រធានក្រុមប្រឹក្សាអន្តរកាលមួយ ហើយនិងនាយករដ្ឋមន្រ្តីស្តីទី ខណៈក្រុមជនអន្ធពាលប្រដាប់អាវុធ បន្តប្រយុទ្ធគ្នាដណ្តើមកាន់កាប់ផ្នែកនៃរដ្ឋធានីព័រអូប្រ៉ាំងរបស់ប្រទេសហៃទី ដែលពួកគេមិនទាន់គ្រប់គ្រងបាននៅឡើយ។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ជនជាតិហៃទីប្រហែលជាង៣៦០,០០០នាក់ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួននៅក្នុងប្រទេសផ្ទាល់ និងរាប់ពាន់នាក់ទៀតបានបាត់បង់ជីវិត ដោយសារតែអំពើហិង្សា។ នាយករដ្ឋមន្រ្តីហៃទី លោក Airel Henry បានប្រកាសលាលែងពី​តំណែងកាលពីថ្ងៃទី១១ ខែមីនា ក្រោមក្តីសង្ឃឹមថា នឹងជួយបន្ធូរបន្ថយស្ថានការណ៍វឹកវរ នៅក្នុងប្រទេស៕