(ឡុងដ៏)៖ អ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៤,៦០០នាក់ បានទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ចាប់តាំងពីដើមឆ្នាំ ២០២៤មក ដែលជាកំណត់ត្រាថ្មី សម្រាប់រយៈពេលសរុប៣ខែដើមឆ្នាំ និងបង្កជាបញ្ហាឈីក្បាលថ្មីទៀត សម្រាប់លោកនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៤។

ទិន្នន័យពីក្រសួងមហាផ្ទៃអង់គ្លេស នៅថ្ងៃពុធសប្តាហ៍នេះបង្ហាញថា មនុស្សចំនួន ៤,៦៤៤នាក់ បានឆ្លងចូលមកអង់គ្លេស តាមទូកតូចៗគិតត្រឹមថ្ងៃ ទី២៦ ខែមីនា ឆ្នាំ ២០២៤ ដោយប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ គឺមានតែចំនួន ៣,៧៧០នាក់ប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា «ចំនួនមនុស្សមិនអាចទទួលយកបាន ដែលបន្តឆ្លងចូលមកនេះ បង្ហាញយ៉ាងច្បាស់ពីមូលហេតុដែលយើងត្រូវតែ ដាក់ជើងហោះហើរទៅកាន់ប្រទេស Rwanda ដំណើរការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសបារាំង ដែលកំពុងប្រឈមមុននឹងអំពើហិង្សា ការរំខាននៅទីតាំងឆ្នេរដែលពួកគេឈរជើង ដើម្បីការពារការធ្វើដំណើរដ៏គ្រោះថ្នាក់ ខុសច្បាប់ និងមិនចាំបាច់ទាំងនោះ»។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Sunak រំពឹងថា ផែនការដ៏ធំរបស់លោក ក្នុងការបណ្តេញអ្នកដែលមកដល់អង់គ្លេស ដោយគ្មានការអនុញ្ញាត ទៅកាន់ប្រទេស Rwanda នឹងអាចទប់ស្កាត់មិនឱ្យមានជនចំណាកស្រុក នាំគ្នាធ្វើដំណើរដ៏គ្រោះថ្នាក់ ឆ្លងច្រកសមុទ្រតទៅទៀត។ សេចក្តីព្រាងច្បាប់ ដែលមានគោលបំណងដំណើរការផែនការនោះ បន្ទាប់ពីមានភាពចម្រូងចម្រាស់ផ្លូវច្បាប់ ជាបន្តបន្ទាប់ នឹងត្រូវដាក់ទៅកាន់សភាអង់គ្លេស នៅខែមេសា៕