(យេរ៉ូហ្សាឡឹម)៖ ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនឮ​លោក Muhammad Mustafa បានបង្កើតរដ្ឋាភិបាលថ្មី ដែលលោកក៏កាន់តំណែងជារដ្ឋមន្ត្រីការបរទេសផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

លោក Mustafa ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Mahmoud Abbas និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែនេះ ដែលមានភារកិច្ចជួយកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យភាពមានកម្រិតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

លោកក៏ត្រូវបានចាត់តាំងឱ្យដឹកនាំប្រតិបត្តិការសង្គ្រោះ និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមជាងប្រាំខែផងដែរ។

លោក Mahmoud Abbas ដែលជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) បានតែងតាំងរដ្ឋាភិបាលថ្មីនេះ ក្នុងការបង្ហាញឆន្ទៈក្នុងការបំពេញតាមការទាមទារអន្តរជាតិ សម្រាប់ការផ្លាស់ប្តូររដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រី ដែលផ្ញើទៅកាន់ប្រធានាធិបតី លោក Mustafa បាននិយាយដូច្នេះថា អាទិភាពជាតិទីមួយរបស់រដ្ឋាភិបាលថ្មីនេះ គឺទាមទារបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីហ្គាហ្សាស្ទ្រីប បន្ថែមពីលើការអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ចូលក្នុងបរិមាណដ៏ច្រើន និងទៅកាន់ដល់គ្រប់តំបន់។

គួរជម្រាបថា អាជ្ញាធរប៉ាឡេស្ទីន (PA) ដែលគ្រប់គ្រងដោយក្រុមនយោបាយ Fatah របស់ លោក Abbas មានទំនាក់ទំនងដ៏តានតឹងជាមួយក្រុមហាម៉ាស់ ជាយូរយារណាស់មកហើយ។ ចលនាទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមខ្លីមួយ មុនពេលក្រុម Fatah ត្រូវបានបណ្តេញចេញពីទឹកដីក្នុងឆ្នាំ ២០០៧៕