(Reuters)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជំរុញឱ្យឥណ្ឌាគាំទ្រទីក្រុងកៀវ ជាមួយការសង្កត់ធ្ងន់ថាទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងញូវដេលី ជាមួយរុស្ស៉ី គ្រាន់តែជាមរតកមួយបន្សល់ទុកពីអតីតសហភាពសូវៀត ដែលបានរលាយបាត់ទៅហើយតែប៉ុណ្ណោះ។ នេះបើតាមកាសែត Financial Times ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩​ ខែមីនា ឆ្នាំ២០២៤។

លោក Dmytro Kuleba បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបំពេញទស្សនកិច្ចមួយ ក្នុងគោលបំណងជំរុញ និងស្វែងរកការគំាទ្រដល់ ផែនការសន្តិភាពរបស់អ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា។ ដោយសារតែមានទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងយោធាជាមួយរុស្ស៉ីយូរអង្វែង ណាស់មកហើយ ឥណ្ឌាបានបដិសេធរិះគន់ និងថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន តែព្រមពេលជាមួយគ្នា បានបង្កើនការទិញប្រេងពីរុស្ស៉ីក្រោមការលក់បញ្ចុះតម្លៃ។

តាមលោក Kuleba ឥណ្ឌាមានផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាមួយអ៊ុយក្រែន ហើយថានឹងផ្ដល់ឱ្យក្រុមហ៊ុនឥណ្ឌា ចូលរួមចំណែកក្នុងគម្រោងកសាងប្រទេសជាតិឡើងវិញ ក្រោយសង្រ្គាមបិទបញ្ចប់។

គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន អ៊ុយក្រែន សង្ឃឹមថាអាចនឹងរៀបចំកិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំពិភពលោក ដោយមិនមានវត្តមានរុស្ស៉ី នៅប៉ុន្មានខែខាងមុខទៀតនេះ ដើម្បី ជំរុញការស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម។ ផែនការសន្តិភាពរបស់អ៊ុយក្រែន ក្នុងនោះរួមមានការតម្រូវឱ្យកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីទឹកដីអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូ បានច្រានចោលផែនការសន្តិភាពនេះ ហើយថាកិច្ចប្រជុំកំពូលណាមួយស្ដីពីសន្តិភាពនៅអ៊ុយក្រែនដែលគ្មានវត្តមានរុស្ស៉ី នឹងទទួលបរាជ័យ៕