(សេអ៊ូល)៖ អគ្គរដ្ឋទូតកូរ៉េខាងត្បូង​ប្រចាំនៅប្រទេសអូស្រ្តាលី នាថ្ងៃសុក្រនេះ បានសម្រេចចិត្តលាលែងពីតំណែង ខណៈការចោទសួរអំពី​ការតែងតាំងរូបលោក ទាំងលោកស្ថិតក្រោមការស៉ើបអង្កេតករណីពុករលួយ បានជះផលប៉ះពាល់មិនល្អ ចំពោះគណបក្សកាន់អំណាចរបស់​ប្រធានាធិបតីលោក Yoon Suk Yeol នៅមុនការបោះឆ្នោតជ្រើសរើសសមាជិកសភា ដែលនឹងប្រព្រឹត្តទៅក្នុងពេលមិនដល់២សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។

លោក Lee Jong-sup ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំអូស្រ្តាលី កាលពី៤សប្តាហ៍មុន កំពុងស្ថិតក្រោមការស៉ើបអង្កេតជុំវិញ​ការចោទប្រកាន់ថា រូបលោកបានព្យាយាមជះឥទ្ធិពលដោយពុំត្រឹមត្រូវ ទៅលើដំណើរការស៉ើបអង្កេតករណីបាត់បង់ជីវិតនទាហានម៉ារីនម្នាក់ កាលពី​ឆ្នាំ២០២៣ ពេលលោកនៅមានឋានៈជា រដ្ឋមន្រ្តីការពារជាតិ។ កន្លងមក លោក Lee បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយនិងផ្តល់កិច្ចសហការយ៉ាងពេញលេញ ជាមួយការស៉ើបអង្កេត។ យ៉ាងណាក្តី មតិរិះគន់លើការតែងតាំងលោកជាអគ្គរដ្ឋទូតប្រចាំអូស្រ្តាលី បានកើនឡើងយ៉ាងខ្លាំង នៅពេលលោកធ្វើដំណើរទៅកាន់ទីក្រុងកង់បេរ៉ា កាលពីថ្ងៃទី១០ ខែមីនា។ ទង្វើនោះត្រូវបាន សមាជិកបក្សប្រឆាំងរិះគន់ថា ជាការប៉ុនប៉ងគេចវេះពីការសួរចម្លើយ ក្នុងដំណើរការស៉ើបអង្កេត។

សូម្បីតែសមាជិកមួយចំនួនៃគណបក្សកាន់អំណាច PPP របស់លោក Yoon ក៏បានលើកឡើងផងដែរថា លោក Lee គឺជាការជ្រើសរើសខុស សម្រាប់តំណែងឯកអគ្គរដ្ឋទូត ហើយការណ៍ដែលរូបលោកចាកចេញពីប្រទេសបែបនេះ គឺជារឿងខុសឆ្គងមួយ។ កាលពីសប្តាហ៍មុន លោក Lee បានវិលត្រឡប់មកទីក្រុងសេអ៊ូលវិញ ហើយបាននិយាយថា លោកសង្ឃឹមនឹងមានឱកាសឆ្លើយសំណួរ ​របស់ទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលទទួលបន្ទុកសំណុំរឿងនោះ។

គួរបញ្ជាក់ថា ទោះជាបែបនេះក្តី ការរិះគន់ជុំវិញការតែងតាំងរូបលោក ហើយនិងការចាកចេញពីប្រទេសយ៉ាងតក់ក្រហល់ បានបង្កើតជា​ភាពចម្រូងចម្រាសខ្លាំង រហូតដល់ថ្នាក់សមាជិកគណបក្ស PPP ខ្លះ និយាយថា លោក Lee គឺជាអំរែកនយោបាយធ្ងន់មួយសម្រាប់បក្ស ស្របពេលដែលបក្សកំពុងព្យាយាមដណ្តើម ការគ្រប់គ្រងនៅសភាមកវិញ ក្នុងការបោះឆ្នោតថ្ងៃទី១០ ខែមេសា ខាងមុខ៕