(ប៉េកាំង)៖ ក្រសួងការបរទេសទីក្រុងប៉េកាំង បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសឥណ្ឌូណេស៉ី គឺលោក Prabowo Subianto នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង លោក Prabowo ដែលត្រូវឡើងកាន់តំណែងជាផ្លូវការ នៅខែតុលា ឆ្នាំនេះ នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្នុងខែមីនានេះ លោក ស៉ី ជីនពីង បានចេញមុខអបអរសាទរលោក Prabowo សម្រាប់ជ័យជម្នះក្នុងការបោះឆ្នោត ហើយលោក ស៉ី បានបន្ថែមថា រូបលោកផ្តល់សារសំខាន់ជាខ្លាំង ចំពោះទំនាក់ទំនងជាមួយ​ប្រទេសឥណ្ឌូណេស៉ី ដែលមានប្រជាជនជិត២៨០លាននាក់។

គួរបញ្ជាក់ថា ទស្សនកិច្ចនៅចិន នឹងជាការធ្វើទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងរបស់លោក Prabowo គិតចាប់តាំងពីការជាប់ឆ្នោត​។ ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតមួយ នៃការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងប្រទេសឥណ្ឌូណេស៉ី។ កាលពីឆ្នាំ២០២៣ ទីក្រុងហ្សាការតា បានដាក់សម្ពោធខ្សែរថភ្លើងល្បឿនលឿនដំបូងបង្អស់ ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍ ខណៈវាស្ថិតនៅក្រោមក្របខណ្ឌ នៃគម្រោងទំហំរាប់ពាន់លានដុល្លារ ដែលជ្រោមជ្រែងដោយទីក្រុងប៉េកាំង៕