(តៃប៉ិ)៖ ការិយាល័យមេដឹកនាំកោះតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកស្រី Tsai Ing-wen បានប្រាប់ឱ្យរដ្ឋមន្រ្តីការពារជាតិ លោក Chiu Kuo-cheng នៅបន្តកាន់តំណែងដដែល បន្ទាប់ពីរូបលោកបានស្នើសុំលាលែងពីតួនាទី ដោយសារលេចធ្លាយព័ត៌មានថា កូនប្រុស​របស់លោក បានជួលសេវាកម្មអ្នករកស៉ីផ្លូវភេទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យមេដឹកនាំតៃវ៉ាន់ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា លោក Chiu បានស្នើសុំផ្ទាល់មាត់លាលែងពីតំណែងជាប្រមុខការពារជាតិ កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមហេតុផល ដោយសារបញ្ហាពាក់ព័ន្ធសមាជិកគ្រួសាររបស់លោក។ យោងតាមអ្នកនាំពាក្យរូបនោះ លោកស្រី Tsai បានសម្រេចថា ដោយសារតែស្ថានភាពស្មុគស្មាញ នៃសន្តិសុខក្នុងតំបន់នាពេលបច្ចុប្បន្ន និងអំឡុងពេលវេលាអន្តរកាល មុនការផ្ទេរអំណាច​ឱ្យរដ្ឋាភិបាលថ្មី លោក Chiu គួរតែនៅបន្តកាន់តំណែងដូចដើម ដើម្បីធានាស្ថិរភាព និងភាពគ្រប់ជ្រុងជ្រោយ នៃកិច្ចការការពារជាតិសំខាន់ៗ​ជាច្រើន។ កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតៃវ៉ាន់ បានរាយការណ៍ថា កូនប្រុសរបស់លោក Chiu ដែលធ្វើការនៅការិយាល័យសន្តិសុខជាតិ បានជួលសេវាកម្មអ្នករកស៉ីផ្លូវភេទ។

គួរបញ្ជាក់ថា មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen នឹងត្រូវចុះចេញពីអំណាចនៅថ្ងៃទី២០ ខែឧសភា ក្រោយកាន់តំណែងបានគ្រប់​២អាណត្តិ ដែលជាចំនួនអាណត្តិអតិបរមា ចាប់តាំងពីឆ្នាំ២០១៦មក។ មេដឹកនាំរងរបស់លោកស្រី គឺលោក Lai Ching-te នឹងក្លាយជា​មេដឹកនាំបន្តពីលោកស្រី ក្រោយឈ្នះការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ថ្មី កាលពីថ្ងៃទី១៣ ខែមករា ដើមឆ្នាំនេះ៕