(គៀវ)៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសឥណ្ឌា និងអ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេបានយល់ព្រមស្តារពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការដល់កម្រិតមុនការលុកលុយរបស់រុស្ស៊ី ខណៈដែលទីក្រុងគៀវស្វែងរកការគាំទ្រសម្រាប់ផែនការសន្តិភាពរបស់ខ្លួន ជាមួយមិត្តចាស់របស់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

លោក Dmytro Kuleba បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបំពេញទស្សនកិច្ចមួយ ក្នុងគោលបំណងជំរុញ និងស្វែងរកការគំាទ្រដល់ ផែនការសន្តិភាពរបស់អ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា។ ដោយសារតែមានទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងយោធាជាមួយរុស្ស៉ីយូរអង្វែង ណាស់មកហើយ ឥណ្ឌាបានបដិសេធរិះគន់ និងថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន តែព្រមពេលជាមួយគ្នា បានបង្កើនការទិញប្រេងពីរុស្ស៉ីក្រោមការលក់បញ្ចុះតម្លៃ។

លោក Kuleba បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម X បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគី លោក Subrahmanyam Jaishankar ដូច្នេះថា «យើងបានយកចិត្តទុកដាក់ជាពិសេសចំពោះរូបមន្តសន្តិភាព និងជំហានបន្ទាប់លើការអនុវត្តរបស់វា»។

លោកបាននិយាយទៀតថា «យើងបានយល់ព្រមដើម្បីស្តារកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានមុនពេលរុស្ស៊ីចាប់ផ្តើមសង្រ្គាមពេញលក្ខណៈ និងដើម្បីកំណត់គម្រោងថ្មីដែលនឹងធ្វើឱ្យទំនាក់ទំនងរបស់យើងឈានដល់កម្រិតថ្មីមួយ»។

តាមលោក Kuleba ឥណ្ឌាមានផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាមួយអ៊ុយក្រែន ហើយថានឹងផ្ដល់ឱ្យក្រុមហ៊ុនឥណ្ឌា ចូលរួមចំណែកក្នុងគម្រោងកសាងប្រទេសជាតិឡើងវិញ ក្រោយសង្រ្គាមបិទបញ្ចប់។

គួរជម្រាបថា អ៊ុយក្រែនសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំកំពូលមួយ ដោយគ្មានការចូលរួមពីរុស្ស៊ី ដើម្បីជំរុញរូបមន្តសន្តិភាព ដែលហៅម្យ៉ាងទៀតថា សម្រាប់ការដកកងកម្លាំងរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន។ ប៉ុន្តែទីក្រុងមូស្គូ បានច្រានចោលផែនការសន្តិភាពនេះ ហើយថាកិច្ចប្រជុំកំពូលណាមួយស្ដីពីសន្តិភាពនៅអ៊ុយក្រែនដែលគ្មានវត្តមានរុស្ស៉ី នឹងទទួលបរាជ័យ៕