លោក Netanyahu អនុម័តការចរចាបទឈប់បាញ់ជុំថ្មីនៅតំបន់ហ្គាហ្សា

(ហ្សេរុយសាឡឹម)៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​អនុម័ត​ការ​ចរចា​បទ​ឈប់​បាញ់ជុំថ្មី ​នៅ​តំបន់ហ្គាហ្សា​នៅ​ទីក្រុង Doha និង Cairo ដែល​ការិយាល័យ​របស់​លោក​បាន​ជូនដំណឹងនៅ​ថ្ងៃ​សុក្រសប្តាហ៍នេះ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចរចា​បាន​ជាប់គាំង។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

ក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ចាប់តាំងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមាន «បទឈប់បាញ់ជាបន្ទាន់»។

អ្នកសម្រុះសម្រួលនៃប្រទេសកាតា បាននិយាយកាលពីថ្ងៃអង្គារថា ការចរចារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងកំពុងបន្ត ប៉ុន្តែភាគីជម្លោះនិងអ្នកសម្រុះសម្រួលបានផ្តល់ព័ត៌មានតិចតួច ចាប់តាំងពីពេលនោះមក។

ការិយាល័យរបស់ លោក Netanyahu បាននិយាយថា នាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយប្រធានទីភ្នាក់ងារសម្ងាត់ Mossad គឺ លោក David Bania អំពីកិច្ចចរចារបទឈប់បាញ់នៅហ្គាហ្សា ប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិតថា តើ លោក Bania នឹងធ្វើដំណើរទៅកាន់ទីក្រុង Doha ឬទីក្រុង Cairo ដើម្បីពិភាក្សានោះទេ។

គួរជម្រាបថា សង្រ្គាមបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់ បានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,១៦០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP នៃតួលេខផ្លូវការរបស់អ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបានបើកការវាយលុកសងសឹកប្រឆាំងនឹងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សចំនួន ៣២,៦២៣ នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងបរទេសប្រហែល ២៥០ នាក់ ក្នុងអំឡុងពេលការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ប៉ុន្តែបានដោះលែងមនុស្សរាប់សិបនាក់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា។ អ៊ីស្រាអែលជឿថា មនុស្សប្រហែល ១៣០ នាក់ទៀតនៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដោយ ៣៣ នាក់ត្រូវបានគេសន្មត់ថាបានស្លាប់ រួមទាំងទាហាន ៨ នាក់ និងជនស៊ីវិល ២៥ នាក់ផងដែរ៕