(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានបញ្ជូនកាំភ្លើងរាប់ពាន់ដើម និងគ្រាប់រំសេវជាង ៥០០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែន ខណៈអាវុធទាំងនេះត្រូវបានរឹបអូសកាលពីឆ្នាំមុនៗ នៅពេលដែលអ៉ីរ៉ង់ដឹកជញ្ជូនទៅឱ្យក្រុមហ៊ូទី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤។

នេះជំនួយយោធាថ្មីចុងក្រោយដែលរដ្ឋបាល លោក បៃដិន ផ្តល់ទៅកាន់អ៊ុយក្រែន ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ បើតាមទីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) អាវុធដែលសហរដ្ឋអាមេរិកផ្ទេរទៅឱ្យទីក្រុងកៀវ កាលពីថ្ងៃទី៤ ខែមេសា អាចគ្រប់គ្រាន់សម្រាប់បំពាក់ដល់កងពលតូចអ៊ុយក្រែន។ ក្នុងនោះ រួមមានកាំភ្លើង AK-47 ជាង ៥,០០០ដើម កាំភ្លើងយន្ត កាំភ្លើងបាញ់ស៉ីប និងគ្រាប់រំសេវជាង ៥០០,០០០គ្រាប់។ គ្រាប់រំសេវត្រូវរឹបអូសបានពីនាវា ៤គ្រឿងដែលស្ទាក់ចាប់ដោយកងទ័ពជើងទឹកអាមេរិក និងកងកម្លាំងដៃគូ ចន្លោះពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។ អាវុធទាំងនេះត្រូវបានកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បញ្ជូនទៅឱ្យក្រុមហ៊ូទី។

គួរបញ្ជាក់ថា ស្របពេលដែលសំណើរសុំជំនួយសន្តិសុខថ្មីចំនួន ៦០ពាន់លានដុល្លាររបស់ លោក បៃដិន ត្រូវបានបដិសេធដោយ លោក Mike Johnson ប្រធានសភាតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ និងនៅគ្រាដែលកងកម្លាំងអ៊ុយក្រែនជិតអស់គ្រាប់ សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តដ៏ទៃទៀត បាននិងកំពុងរកមធ្យោយបាយថ្មីដើម្បីបំពាក់អាវុធដល់ទីក្រុងកៀវ៕