(វ៉ាស៉ីនតោន)៖ មន្រ្តីក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងលក់ឱ្យអ៊ុយក្រែន នូវសម្ភារមាន​តម្លៃសរុបជាទឹកប្រាក់ ជិត១៤០លានដុល្លារ សម្រាប់ការជួសជុលថែទាំ ក៏ដូចជាដំឡើងសមត្ថភាព របស់ប្រព័ន្ធការពារដែនអាកាស HAWK ដើម្បីជួយទីក្រុងកៀវ ការពារខ្លួនពីការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៉ីលគ្រូសរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

បើតាមមន្រ្តីអាមេរិកខាងលើ ដែលបានបង្ហើបឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ការលក់សម្ភារយោធានេះ មានទំហំរហូតដល់ ១៣៨លានដុល្លារ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស HAWK ទៅកាន់អ៊ុយក្រែន កាលពីឆ្នាំ២០២២ ដើម្បីជាការផ្តល់មធ្យោបាយការពារផ្ទៃមេឃ ដែលមានសមត្ថភាពខ្ពស់ជាងមុន ធៀបនឹងប្រព័ន្ធ Stinger ដែលជាប្រភេទបាញ់ចេញពីលើស្មា មានទំហំតូច និងប្រើប្រាស់បានត្រឹមតែរយៈចម្ងាយខ្លីៗ។

គួរបញ្ជាក់ថា ចាប់តាំង​ពីពេលនោះមក អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាសប្រភេទផ្សេងៗទៀត និងទំនើបៗជាងមុន រួមមានទាំង​ប្រព័ន្ធមីស៉ីល Patriot របស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ នាពេលនេះ អ៊ុយក្រែនកំពុងព្យាយាមស្នើឱ្យ សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ជួយផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីទប់ទល់ការវាយប្រហារ​តាមផ្លូវអាកាសរបស់រុស្ស៉ី នៅក្នុងសង្រ្គាមដែលបានអូសបន្លាយពេលជាង២ឆ្នាំ មកហើយ៕