(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទដោយឡែកពីគ្នា ជាមួយលោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ និងលោក Faisal bin Abdelaziz Al Saudរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីតតាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោក Amir-Abdollahian បានលើកឡើងថា ប្រទេសអ៊ីរ៉ង់មានសិទ្ធិឆ្លើយតបបែបលក្ខណៈការពារខ្លួន ខណៈពេលរងការរំលោភលើអធិបតេយ្យភាព។ ស្ថានការណ៍ក្នុងតំបន់នាពេលបច្ចុប្បន្ននេះ មានភាពរសើបណាស់ អ៊ីរ៉ង់មានឆន្ទៈរក្សាការអត់ធ្មត់ ហើយគ្មានចេតនាធ្វើឱ្យស្ថានការណ៍ឡើងកម្តៅថែមទៀតនោះទេ។

លោក Wang Yi បានថ្លែងថា ជឿជាក់ថា អ៊ីរ៉ង់អាចក្តាប់ស្ថានការណ៍ឱ្យបានល្អ ស្របនឹងពេលគាំពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏អាចចៀសវាងកុំឱ្យស្ថានការណ៍មានភាពរង្គោះរង្គើ ថែមមួយកម្រិតទៀត។ ពេលជួបពិភាក្សា តាមទូរស័ព្ទជាមួយលោក Faisal លោក Wang Yi បានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះ ទង្វើល្មើសនឹងច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ ដូចជាការវាយប្រហារទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីជាដើម ព្រមពេលជាមួយគ្នានេះ យើងក៏បានចាប់អារម្មណ៍ដល់ថា អ៊ីរ៉ង់បានអះអាងថា សកម្មភាពឆ្លើយតបរបស់ខ្លួនមិនសំដៅ ចំពោះប្រទេសជិតខាងណាមួយទេ ហើយមានឆន្ទៈបន្តប្រកាន់ខ្ជាប់ គោលនយោបាយ សុខដុមរមនា និងមិត្តភាពជាមួយប្រទេសជិតខាង។ ប្រទេសចិនសូមកោតសរសើរប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានគូសបញ្ជាក់ពីការដោះស្រាយបញ្ហាតាមផ្លូវការទូត។

ជាការឆ្លើយតប លោក Faisal បានថ្លែងថា ប្រទេសអារ៉ាប៊ីសាអូឌីតរំពឹងទុកយ៉ាងខ្លាំងថា ប្រទេសចិនអាចដើរតួនាទីយ៉ាងសកម្ម និងសំខាន់ ហើយរីករាយបង្កើនការប្រាស្រ័យទាក់ទង និងការសម្របសម្រួលជាមួយប្រទេសចិន ក្នុងន័យជំរុញឱ្យសម្រេចបាន នូវការឈប់បាញ់គ្នា នៅតំបន់កាហ្សាដោយគ្មានល័ក្ខខ័ណ្ឌ និងចាប់ផ្តើមអនុវត្ត «ដំណោះស្រាយរដ្ឋពីរ» ដើម្បីសម្រេចបាន នូវស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ៕

វិទ្យុមិត្តភាពកម្ពុជាចិន