(ប៉េកាំង)៖ “ខ្ញុំបានឃើញចិនមានការរីកចម្រើនជាច្រើន ក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធនិងសង្គមកិច្ចជាដើម តែមិនមែនដូចការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចនោះទេ ។” លោក សិរី មុនី និពន្ធនាយកផ្នែកហិរញ្ញវត្ថុ នៃវេបសាយដើមអម្ពិល របស់កម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង បានបង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដ ចំពោះប្រទេសចិនទៅកាន់អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

មួយរយៈពេលកន្លងទៅនេះ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ” ត្រូវបានផ្សព្វផ្សាយនៅប្រទេសប៉ែកខាងលិច ដែលត្រូវប្រព័ន្ធសារព័ត៌មាន និងគ្រឹះស្ថានហិរញ្ញវត្ថុនានាឃោសនាបំប៉ោងយ៉ាងគឃ្លើនម្ដងហើយម្ដងទៀត។ អ្នកនយោបាយ និងធនាគារគំនិតមួយចំនួន បានឃោសនាបំប៉ោងពីអ្វីដែលហៅថា “វិបុលភាពត្រូវបានបញ្ចប់” តាមរយៈទិន្នន័យខាងចំនួនប្រជាជន និងឱកាសការងារជាដើម ដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ បើនិយាយត្រង់ៗទៅ “ទ្រឹស្តីប្រទេសចិនងើបឡើង ដល់កំពូលហើយ” នៅតែជាពាក្យសម្តីដដែលនិងខុសឆ្គងនៃ “ទ្រឹស្តីប្រទេសចិនដួលរលំ” ដដែល។ បញ្ញវន្តពាក់ព័ន្ធធ្វើស្ថិតិ ដោយសង្ខេបថា ចាប់ពីចិនអនុវត្តគោលនយោបាយកំណែទម្រង់ និងបើកទូលាយមក “ទ្រឹស្តីប្រទេសចិនដួលរលំ”គ្រប់បែបយ៉ាងយ៉ាងហោចណាស់បានលេចចេញ៥លើកហើយ។

ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសប៉ែកខាងលិចតែងតែឃោសនាថា សេដ្ឋកិច្ចចិនមានភាពអន់ថយ តែចិនមិនត្រឹមតែ មិនបានដួលរលំទេ ថែមទាំងក៏បានពុះពារឧបសគ្គនិងរីកចម្រើន ទៅមុខឥតឈប់ឈរទៀតផង។ បច្ចុប្បន្ននេះ បន្ទាប់ពីការអភិវឌ្ឍ យ៉ាងឆាប់រហ័ស អស់រយៈពេលរាប់សិបឆ្នាំ ចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក និងបង្កើតអច្ឆរិយនៃកំណើនយូរអង្វែង ចាប់ពីការធ្វើឧស្សាហូបនីយកម្មសកលមក។ ប្រវែងសរុបនៃផ្លូវដែកល្បឿនលឿនកាន់ លំដាប់ថ្នាក់ទីមួយលើពិភពលោក ទំហំសរុបនៃការនាំចេញនាំចូលទំនិញ កាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ចំនួនអ្នកធ្វើទេសចរណ៍នៅបរទេស និងការចំណាយលើវិស័យទេសចរណ៍ នៅបរទេសកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ។ល។

ចិនកំពុងធ្វើឱ្យពិភពលោកយល់ដឹងប្រទេសខ្លួន ឱ្យបានកាន់តែគ្រប់ជ្រុងជ្រោយ តាមរយៈអច្ឆរិយអភិវឌ្ឍន៍កាន់តែច្រើនឡើងៗ។
ចាប់ពីឆ្នាំ២០២៤នេះមក ស្ថាប័ននិងមុខរបរនានានៃតំបន់នានារបស់ចិន បានខិតខំប្រឹងប្រែងតស៊ូព្យាយាម ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ដោយទិដ្ឋភាពថ្មីនិងភារកិច្ចថ្មី។ ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ទំហំសរុបនៃការលក់រាយផលិតផលប្រើប្រាស់ ក្នុងសង្គមបានកើនឡើង៥,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញនាំចូលទំនិញ បានកើនឡើង៨,៧ភាគរយ។ នៅខែកុម្ភៈឆ្នាំនេះ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទ ដែលបានចុះបញ្ជីបានធ្លាក់ចុះ០,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ នៅខែមីនាឆ្នាំនេះ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម (PMI) ត្រឡប់មកចន្លោះកើនឡើងវិញ។ល។

ពេលថ្មីៗកន្លងទៅនេះ ការប៉ាន់ប្រមាណទីផ្សារក្នុងស្រុកបន្តត្រូវកែលម្អ ទីផ្សារប្រើប្រាស់ទទួលការអភិវឌ្ឍយ៉ាងផុលផុស ហើយនិន្នាការងើបឡើងវិញ នៃសេដ្ឋកិច្ចគឺច្បាស់លាស់។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើន ក៏បានផ្សាយដំណឹងថា មានសុទិដ្ឋិនិយមចំពោះសក្តានុពលអភិវឌ្ឍន៍របស់ចិន ។ កាសែត «LianHeZaoBao »របស់សិង្ហបុរីបានចុះផ្សាយដំណឹងឱ្យដឹងថា “ទិន្នន័យនៃសន្ទស្សន៍PMI ត្រឡប់មកចន្លោះកើនឡើងវិញបានបង្ហាញថា សេដ្ឋកិច្ចចិនបានរកឃើញក្បាលម៉ាស៊ីនសម្រាប់កំណើនថ្មីហើយ ។” ពេលថ្មីៗកន្លងទៅនេះ លោក Nicholas Lardy អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ Peterson បានចុះផ្សាយអត្ថបទក្នុងវេបសាយ Foreign Affairs ក្រោមចំណងជើងថា 《ចិននៅតែងើបឡើងដដែល កុំវាយតម្លៃទាបចំពោះអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក》ដោយបានលើកឡើងថា “ទ្រឹស្តីស្តីពីប្រទេសចិនងើបឡើង ដល់កំពូលហើយ” ដែលលេចចេញនៅមជ្ឈដ្ឋានឯកទេសចំណេះដឹងអាមេរិក នៅពេលថ្មីៗកន្លងទៅនេះបានវាយតម្លៃទាប ចំពោះភាពធន់នៃសេដ្ឋកិច្ចរបស់ចិន។ នៅប៉ុន្មានឆ្នាំខាងមុខនេះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិន ប្រហែលជាពីរដងរបស់សហរដ្ឋអាមេរិក ។ អំពីការនេះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា ចិននិងបន្តផ្តល់កម្លាំងចលករដ៏ខ្លាំងក្លា ដល់កំណើនសេដ្ឋកិច្ចពិភពលោក និងនាំមកនូវឱកាសកាន់តែច្រើនដល់ការអភិវឌ្ឍសកល តាមរយៈការអភិវឌ្ឍប្រកបដោយភាពនឹងនររបស់ខ្លួន។

ប្រទេសចិននាពេលបច្ចុប្បន្ន កំពុងយកឈ្នះលើសំឡេងអវិជ្ជមានគ្រប់បែបយ៉ាង ដែលឃោសនាថា សេដ្ឋកិច្ចចិនមានភាពអន់ថយ តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការពិតឈ្នះលើការប្រកែកតវ៉ា ។ មិនថាមនុស្សមួយចំនួនមានទុទិដ្ឋិនិយមយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរ ក្នុងរយៈពេលយូរនឹងមិនកែប្រែទេ។ "ប្រទេសចិនបន្ទាប់ទៀត នៅតែជាប្រទេសចិនដដែល "៕

វិទ្យុមិត្តភាពកម្ពុជាចិន