(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ បាននិយាយថាខ្លួននឹងចូលរួមនៅក្នុងការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ដែលជាសមយុទ្ធលើកដំបូងធ្វើឡើងដោយហ្វីលីពីន និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

កងទ័ពហ្វីលីពីន និងអាមេរិក ជាង ១៦ ៧០០នាក់ នឹងត្រូវចូលរួមសមយុទ្ធយោធាក្នុងឆ្នាំ២០២៤នេះ ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក ហើយសមយុទ្ធ នេះដែរនឹងផ្ដោតសំខាន់លើតំបន់ភាគខាងជើង និងខាងលិចនៃប្រទេសហ្វីលីពីន ស្ថិតនៅក្បែរតំបន់សមុទ្រចិនខាងត្បូង និងតៃវ៉ាន់។ ទីក្រុងប៉េកាំងបានទាមទារសិទ្ធិ គ្រប់គ្រងស្ទើរតែទាំងស្រុងលើដែនទឹកកំពុងមានវិវាទនៅសមុទ្រចិនខាងត្បូង និងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។ តែប្រទេសដទៃទៀត ក្នុងនោះរួមមានទាំងហ្វីលីពីន ក៏កំពុងទាមទារចំណែកគ្រប់គ្រងក្នុងតំបន់សមុទ្រខាងត្បូងផងដែរ។ ចំណែកសហរដ្ឋអាមេរិកវិញមិនមែនជាភាគីជម្លោះនោះតែ ប៉ុន្តែ តែដឹកនាំប្រតិបត្តិការល្បាត ជាញឹកញាប់នៅក្បែរតំបន់ជម្លោះ។

ម្យ៉ាងវិញទៀត ជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលចិន សហរដ្ឋអាមេរិកបានពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយបណ្ដាប្រទេសដែលកំពុងមានជម្លោះទឹកដី ជាមួយចិន ក្នុងនោះរួមមានទាំងហ្វីលីពីនជាដើម។ បើតាមអ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន នាវារបស់ខ្លួន៦គ្រឿង នឹងត្រូវចូលរួមក្នុងការធ្វើសមយុទ្ធ ឈ្មោះ Balikatan ឬមានន័យថា «ប្រកៀកស្មាគ្នា» ហើយកងកម្លាំងប្រតិបត្តិការពិសេសរបស់ឆ្មាំសមុទ្រហ្វីលីពីនក៏នឹងត្រូវចូលរួមក្នុងសមយុទ្ធជាមួយឆ្មាំសមុទ្រមកពីអូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិកផងដែរ៕