(ម៉ានីល)៖ ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះបាននិយាយថាការសម្រេចចិត្តរបស់ខ្លួន​ ក្នុងការពង្រឹងទំនាក់ទំនងជាមួយជប៉ុន និងសហរដ្ឋអាមេរិក គឺជាជម្រើសអធិបតេយ្យ និងជំរុញឱ្យចិនពិចារណាឡើងវិញពីសកម្មភាពរបស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «គេគ្រប់គ្នាទាំងអស់សុទ្ធតែដឹងពីប្រភពនៃភាពតានតឹងនៅក្នុងតំបន់របស់យើង...នោះគឺ ការទាមទារហួសហេតុ និងសកម្មភាពយាយីរបស់ចិន ក្នុងនោះរួមមានទាំងការធ្វើយោធូបនីយកម្មដែលបាន និងកំពុងបំផ្លាញសន្តិភាព និងស្ថិរភាព ព្រមទាំបង្កឱ្យមានភាពតានតឹង ក្នុងតំបន់»

សេចក្ដីថ្លែងការណ៍ខាងលើគឺមានគោលបំណងឆ្លើយតបទៅនឹងការរិះគន់របស់ចិន ជុំវិញកិច្ចប្រជុំកំពូលត្រីភាគីរវាងប្រធានាធិបតីអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ដែលបានរួមគ្នាបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាននិយាយថាចិនមិនពេញចិត្តជាខ្លាំងចំពោះការអត្ថាធិប្បាយរបស់មេដឹកនាំប្រទេសទាំង៣ ក្នុងកិច្ចប្រជុំ ហើយប្រឆាំងនឹងការបង្កើតបក្សសម្ព័ន្ធតូចៗ ដើម្បីប្រឆាំងនឹងចិន៕