(វ៉ាស៊ីនតោន)៖ ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់លើអ៉ីស្រាអែល កាលពីថ្ងៃទី១៣ ខែមេសា និងការគំរាមសងសឹកវាយប្រហារលើអ៉ីរ៉ង់វិញរបស់អ៉ីស្រាអែល ត្រូវបាន ក្រុមអ្នកវិភាគមើលឃើញថាអាចក្លាយជាកត្តាមួយជំរុញឱ្យទីក្រុងតេហេរ៉ង់ពន្លឿនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រសិនបើរឿងបែបនេះកើតឡើងមែន នោះតំបន់មជ្ឈិមបូព៌ាទាំងមូលអាចនឹងធ្លាក់ចូលក្នុងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ។ របាយការណ៍ចុងក្រោយមួយរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅបានឱ្យដឹងថាអ៉ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ៥ ៥២៥.៥គីឡូក្រាម ក្នុងនោះរួមមានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ក្នុងកម្រិត ៦០ភាគរយ ១២៣.៥គីឡូក្រាម។ នៅក្រោមកម្រិតនេះអាចឱ្យអ៉ីរ៉ង់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរយ៉ាងហោច ៣គ្រាប់ ទោះជា អ៉ីរ៉ង់ត្រូវបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យដល់៩០ភាគរយ ដែលជាកម្រិតផលិតអាវុធនុយក្លេអ៊ែរក៏ដោយ។

រដ្ឋាភិបាលអ៉ីស្រាអែល ជាពិសេសលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានចាត់ទុកអាវុធនុយក្លេអ៊ែរណាមួយរបស់អ៉ីរ៉ង់ ជាការគំរាមកំហែងធ្ងន់ធ្ងរដល់ សន្តិសុខជាតិ ដោយសារតែអ៉ីស្រាអែលមានផ្ទៃដីតូច និងប្រជាជនរស់នៅប្រមូលផ្ដុំគ្នានៅតាមទីក្រុងធំៗ។ តាមពិតទៅ អ៉ីស្រាអែលធ្លាប់បានព្រមានជាច្រើនលើកច្រើន សាមកហើយថាប្រសិនបើអ៉ីរ៉ង់មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ នោះយោធារបស់ខ្លួននឹងបើកការវាយប្រហារតាមផ្លូវអាកាសលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ ការវាយប្រហាររបស់អ៉ីរ៉ង់ អាចនឹងបង្កើនការផ្តោតរបស់អ៉ីស្រាអែលលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ហើយការសងសឹកណាមួយរបស់អ៉ីស្រាអែលក៏អាចនឹងជំរុញឱ្យអ៉ីរ៉ង់បង្កើន ការផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរ។

សម្រាប់អ៉ីស្រាអែល ទោះជាការវាយប្រហាររបស់អ៉ីរ៉ង់មិនបានបង្កការខូចខាតធំដុំក៏ដោយ តែវាជាការវាយប្រហារដោយផ្ទាល់ និងបើកចំហជាលើកដំបូងបំផុតដែលតម្រូវ ឱ្យមានការចាត់វិធានការឆ្លើយតបវិញ ហើយថែមទាំងអាចជំរុញឱ្យគណៈរដ្ឋមន្ត្រីកិច្ចការសង្រ្គាមនៃរដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ យល់ថាអ៉ីស្រាអែលមិនអាចទុកឱ្យ អ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានឡើយ។ ជាងនេះទៅទៀត បរាជ័យរបស់អ៉ីរ៉ង់ក្នុងការបង្កការខូចខាតដល់អ៉ីស្រាអែលដោយប្រើអាវុធទូទៅធម្មតា អាចនឹងនាំឱ្យថ្នាក់ដឹកនាំ អ៉ីស្រាអែលធ្វើការសន្និដ្ឋានថាមីស៊ីលរបស់អ៉ីរ៉ង់មិនខ្លាំងដូចការអួតអាងនោះទេ។ ដូច្នេះ ប្រសិនបើថ្នាក់ដឹកនាំអ៉ីស្រាអែលជឿជាក់យ៉ាងមុតមាំថាពួកគេអាចទប់ទល់នឹង ការវាយប្រហារដោយអាវុធធម្មតាពីអ៉ីរ៉ង់បាន នោះពួកគេអាចនឹងពិចារណាកាន់តែច្បាស់ជាងមុនលើការធ្វើសកម្មភាពយោធាប្រឆាំងកម្មវិធីនុយក្លេអ៊ែរ ដ្រូន និងមីស៊ីល របស់អ៉ីរ៉ង់ បើទោះជាវិបត្តិសព្វថ្ងៃត្រូវបានដោះស្រាយក៏ដោយ។

ចំណែក សម្រាប់អ៉ីរ៉ង់វិញ ដោយមើលឃើញពីសមត្ថភាពប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល គួបផ្សំនឹងការជួយពីសម្ព័ន្ធមិត្ត តួយ៉ាងដូចជាសហរដ្ឋអាមេរិក តេហេរ៉ង់ អាចនឹងឈានដល់ការសន្និដ្ឋានមួយដែរថាខ្លួនចាំបាច់ត្រូវតែពន្លឿនកម្មវិធីនុយក្លេអ៊ែរ ឬអាចឈានដល់ការផលិតអាវុធនុយក្លេអ៊ែរតែម្ដង។ យោធាអ៉ីរ៉ង់ប្រហែលជាកំពុង វាយតម្លៃពីសមត្ថភាពសងសឹករបស់ខ្លួនប្រឆាំងនឹងអ៉ីស្រាអែល បន្ទាប់ពីយោធាអ៉ីស្រាអែលអះអាងថាមីស៊ីល និងដ្រូនអ៉ីរ៉ង់ជាង៣០០គ្រាប់ និងគ្រឿងត្រូវបានបាញ់ទម្លាក់ ប្រហែលជា៩៩ភាគរយឯណោះ។ នេះមិនមែនមានន័យថាការវាយប្រហាររបស់អ៉ីរ៉ង់បរាជ័យទាំងស្រុងនោះទេ។ ពីព្រោះអ៉ីរ៉ង់អាចរៀនសូត្របន្ថែម និងស្វែងរកចំណុចខ្សោយ នៃប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល តាមរយៈការប្រមូលព័ត៌មានអំឡុងពេលការវាយប្រហារ។ ក៏ប៉ុន្តែការបាញ់ទម្លាក់មីស៊ីល និងដ្រូនអ៉ីរ៉ង់ស្ទើរតែទាំងអស់បែបនេះ បូកផ្សំ បើអ៉ីស្រាអែលពិតជាវាយប្រហារសងសឹកលើទឹកដីអ៉ីរ៉ង់មែន ថ្នាក់ដឹកអ៉ីរ៉ង់អាចនឹងផ្លាស់ប្ដូរការគិតថាសមត្ថភាពកំញើញទប់ស្កាត់របស់ខ្លួនមិនអាចធ្វើឱ្យអ៉ីស្រាអែលខ្លាចរអា ឡើយ។ ក្នុងសេណារីយ៉ូនេះ ថ្នាក់ដឹកនាំអ៉ីរ៉ង់ នឹងឈានដល់ការសន្មត់ថានៅពេលអនាគតថ្នាក់ដឹកនាំអ៉ីស្រាអែលនឹងមិនមានការស្ទាក់ស្ទើរឡើយក្នុងការវាយប្រហារលើឃ្លាំង មីស៊ីល ដ្រូន និងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៉ីរ៉ង់។ ដូច្នេះថ្នាក់ដឹកនាំអ៉ីរ៉ង់នឹងកាន់តែប្រាកដក្នុងចិត្តថាមានត្រឹមតែអាវុធធម្មតា គឺមិនអាចកំញើញអ៉ីស្រាអែលបាននោះទេ ម្លោះហើយពួកគេចាំបាច់ត្រូវតែពង្រឹងការកំញើញទប់ស្កាត់ឡើងវិញ ក្នុងនោះរួមមានទាំងការកាន់កាប់អាវុធនុយក្លេអ៊ែរ។

ការវាយប្រហារណាមួយរបស់អ៉ីស្រាអែលលើទឹកដីអ៉ីរ៉ង់ អាចនឹងជំរុញឱ្យទីក្រុងតេហេរ៉ង់ចាត់វិធានការសងសឹកវិញ ក្នុងកម្រិតមួយដែលអាចបញ្ចៀសកុំឱ្យសង្រ្គាមក្នុងតំបន់ ទាំងមូលផ្ទុះឡើង។ ម្យ៉ាងវិញទៀត ប្រសិនបើអ៉ីរ៉ង់ចង់សងសឹកសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដោយមិនចាំបាច់បង្កឱ្យមានការសងសឹកដាក់គ្នាទៅវិញទៅមក ឬផ្ទុះទៅជា សង្រ្គាមដោយបើកចំហទេ នោះការពន្លឿនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដូចជាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគឺជាជម្រើសល្អមួយសម្រាប់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ការពន្លឿនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ឬក៏អ៉ីរ៉ង់អាចផលិតបានអាវុធនុយក្លេអ៊ែរណាមួយ វាអាចធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលក្រឡាប់ចាក់ ឬធ្លាក់ចូលក្នុង ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ពីព្រោះអារ៉ាប៊ីសាអូឌីតអាចនឹងពិចារណាផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ដែរ។ ប៉ុន្តែ ខណៈសហរដ្ឋអាមេរិកទំនងជានឹងជំទាស់មិនឱ្យ អារ៉ាប៊ីសាអូឌីតមានអាវុធនុយក្លេអ៊ែរ វាអាចទៅរួចថាទីក្រុងរីយ៉ាដនឹងជំរុញឱ្យសហរដ្ឋអាមេរិកយល់ព្រមទទួលយកអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ដទៃទៀត ជ្រកក្រោម ឆត្រនុយក្លេអ៊ែររបស់អាមេរិក ហើយការធ្វើបែបនេះអាចនឹងបង្ខំឱ្យអារ៉ាប៊ីសាអូឌីតត្រូវបង្ខំចិត្តភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល ដើម្បីជាថ្នូរដូរយកការធានាការពារ សន្តិសុខពីទីក្រុងវ៉ាស៊ីនតោន៕