(ព្រុចសែល)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា វានឹងមិនអាចទៅរួចទេ ក្នុងការកសាងសមត្ថភាពការពារដែនអាកាសនៅអ៊ុយក្រែន ឱ្យដូចគ្នាទៅនឹងអ៉ីស្រាអែល ពីព្រោះទីក្រុងហ្សេរុយសាឡិម បានធ្វើការអភិវឌ្ឍ និងវិនិយោគលើការការពារដែនអាកាសរបស់ខ្លួន អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤។

កាលពីថ្ងៃទី១៥ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានត្អូញត្អែរថា ដៃគូលោកខាងលិច បរាជ័យក្នុងការជួយប្រទេសរបស់លោក ដោយវិធីដូចគ្នាទៅនឹងអ៉ីស្រាអែល បើទោះបីជា ទាំងអ៊ុយក្រែន និងអ៉ីស្រាអែលមិនមែនជាសមាជិករបស់អង្គការណាតូ (NATO) ដូចគ្នា។ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល លោក Macron បានប្រាប់អ្នកយកព័ត៌មានថា «អ៉ីស្រាអែល បានអភិវឌ្ឍសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយការវិនិយោគជាច្រើន។ វានឹងមិនអាចទៅរួចទេ ក្នុងការសាងសង់ប្រព័ន្ធការពារដែនអាកាសដូចគ្នានេះ....ដើម្បីបំពេញតម្រូវរបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អ៉ីស្រាអែល បូកផ្សំនឹងការជួយអន្តរាគមន៍ពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងហ៊្សកដានី ធ្វើឱ្យអ៉ីស្រាអែលរួចផុតពីការបំផ្លិចបំផ្លាញធំដុំ ដោយសារតែការវាយប្រហារដោយដ្រូន និងមីស៉ីលយ៉ាងសន្ធឹកសន្ធាប់របស់អ៉ីរ៉ង់៕