(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបដិសេធម្តងហើយម្តងទៀត ក្នុងការបញ្ជាក់អំពីរបាយការណ៍ នៃការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះ ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនមិនពាក់ព័ន្ធនឹងប្រតិបត្តិការវាយប្រហារណាមួយឡើយ ហើយបានប្តេជ្ញាចិត្តកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅលើកោះ Capri ភាគខាងត្បូងប្រទេសអ៊ីតាលីថា «​ខ្ញុំ​មិនមានអ្វីត្រូវនិយាយ​ពី​រឿង​នេះ​ទេ ក្រៅ​ពី​ការ​និយាយ​ថា​សហរដ្ឋ​អាមេរិក​មិន​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយប្រហារណាមួយ​នោះ​ទេ»។

លោកបាននិយាយទៀតថា «អ្វីដែលយើងកំពុងផ្តោតសំខាន់ និងអ្វីដែល G7 កំពុងផ្តោតសំខាន់លើ គឺវាបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ និងការសន្ទនារបស់យើង គឺយើងធ្វើការដើម្បីរំងាប់ភាពតានតឹង និងបញ្ឈប់ការកើនឡើងនៃជម្លោះដែលអាចកើតមាន»។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បានបន្តឆ្លើយតបដដែលៗ ស្ទើរតែគ្មានពាក្យសំដីផ្សេង នៅពេលដែលត្រូវបានសួរអំពីបញ្ហានេះជាច្រើនដង ក្នុងសន្និសីទសារព័ត៌មាន។

គួរជម្រាបថា នៅថ្ងៃសុក្រនេះ សារព័ត៌មានអាមេរិក ABC News បានរាយការណ៍ថាមីស៊ីលរបស់អ៉ីស្រាអែល បានវាយប្រហារលើគោលដៅមួយស្ថិតនៅក្នុងទឹកដីអ៉ីរ៉ង់កាលពីយប់ ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី១៩ ខែមេសានេះ បន្ទាប់ពីអ៉ីស្រាអែលព្រមានថា នឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់កាលពីសប្ដាហ៍មុន។

ជាមួយគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars បាននិយាយថាស្នូរផ្ទុះមួយបានកើតឡើងនៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង Isafahan តែមិនទាន់ដឹងពី មូលហេតុនៅឡើយទេ។ ចំណែកទូរទស្សន៍អាមេរិក CNN វិញក៏បានរាយការណ៍ដែរថាជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅហោះហើរចេញពីដែនអាកាសអ៉ីរ៉ង់៕