(ព្រុចសែល)៖ សេវាតាមដានអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប និងអង្គការឧតុនិយមពិភាពលោក (WMO) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា តំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងអាកាសធាតុក្តៅកាន់តែខ្លាំង ដែលធ្វើឱ្យរាង្គកាយមនុស្សមិនអាចទ្រាំទ្របាន ដោយសារតែការឡើងនូវកំដៅផែនដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០២៤។

នៅក្នុងរបាយការណ៍ស្តីពីអាកាសធាតុអឺរ៉ុប Copernicus និង WMO បានកត់សម្គាល់ពីលក្ខណៈក្តៅខ្លាំងកាលពីឆ្នាំ២០២៣ រួមទាំងរលកកំដៅខែកក្កដា ដែលជំរុញឱ្យ ៤០%នៃភាគខាងត្បូងតំបន់អឺរ៉ុប ជួបប្រទះនឹងសភាពក្តៅហួតហែង។ កំដៅខ្លាំងបែបនេះ បង្កហានិភ័យផ្នែកសុខភាព ជាពិសេសចំពោះកម្មករដែលធ្វើការនៅហាលវាល មនុស្សចាស់ និងអ្នកមានបញ្ហាសុខភាពស្រាប់ ដូចជាមានជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម ជាដើម។ ទីភ្នាក់ងារបរិស្ថានរបស់សហភាពអឺរ៉ុប កាលពីខែមីនា បានជំរុញឱ្យរដ្ឋាភិបាលកាលនៃប្រទេសនានា រៀបចំប្រព័ន្ធថែទាំសុខភាពសម្រាប់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយអំពាវនាវឱ្យមានច្បាប់បស់សហភាពអឺរ៉ុប ដើម្បីការពារកម្មករដែលធ្វើការនៅក្រោមកំដៅក្តៅខ្លាំង។

គួរបញ្ជាក់ថា ២០២៣ គឺជាឆ្នាំដ៏ក្តៅបំផុតរបស់ពិភពលោក ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើម ហើយអឺរ៉ុបគឺជាតំបន់ ដែលរងនូវកំដៅខ្លាំងជាងគេ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមូលហេតុដ៏ធំដែលនាំឱ្យផែនដីឡើងកំដៅ ជាពិសេសកាលពីឆ្នាំមុន បូកផ្សំនឹងបាតុភូតអាកាសធាតុ El Nino៕