(ហ្កាហ្សា)៖ ទីភ្នាក់ងារការពារជនស៊ីវិលនៃតំបន់ហ្កាហ្សា (Gaza's Civil Defence agency) កាលពីថ្ងៃចន្ទ ទី២២ ខែមេសា បាននិយាយថាក្នុងរយៈពេល៣ថ្ងៃមកនេះ បុគ្គលិកសុខាភិបាលបានរកឃើញសាកសពមនុស្សយ៉ាងហោច ២០០នាក់ ដែលត្រូវបានសម្លាប់ និងកប់ដោយកងកម្លាំងអ៉ីស្រាអែលនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិលនៃតំបន់ហ្កាហ្សា លោក Mahmud Bassal បានប្រាប់ AFP ថាទីភ្នាក់ងាររបស់លោកកំពុងបន្តស្វែងរកសាកសពនៅក្នុងមន្ទីរពេទ្យ Nasser Medical Complex ហើយចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមកមាន សាកសពជាង២០០នាក់ហើយត្រូវបានរកឃើញ។ លោក Bassal បន្ថែមថាមានសាកសព ជាច្រើនបានស្អុយរលួយដែលនេះបង្កការលំបាកដល់ការបញ្ជាក់អត្តសញ្ញាណ។

ចំណែក លោក Ismail al-Thawabta ជាប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាសនៅក្នុងដែនដីប៉ាឡេស្ទីន ក៏បានអះអាងដែរថាមានសាកសពមនុស្ស ២៨៣នាក់ ត្រូវបានរកឃើញនៅក្នុងមន្ទីរពេទ្យខាងលើ ខណៈការស្វែងរកសាកសពនៅសេសសល់អាចនឹងបន្តធ្វើឡើងរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែ ខាងយោធាអ៉ីស្រាអែលមិនទាន់បានធ្វើការអត្ថាធិប្បាយឆ្លើយតបទៅនឹងការអះអាងនេះនោះទេ៕