(វ៉ាស៉ីនតោន)៖ ក្រុមអ្នកតវ៉ាប្រឆាំងអ៉ីស្រាអែល បានជួបជុំគ្នានៅតាមដងផ្លូវក្នុងតំបន់ Brooklyn នៃទីក្រុងញូវយ៉ក ហើយមានសកម្មភាពកាន់តែផុសផុលទៅ នៅតាមសាកលវិទ្យាល័យទូទាំងសហរដ្ឋអាមេរិក ដោយមានខ្លះជាជនជាតិជ្វីហ្វ ខណៈដែលពួកគេទាមទារឱ្យបញ្ចប់ការសម្លាប់ជនស៉ីវិល ក្នុងសង្រ្គាមហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០២៤។

អ្នកចូលរួមតវ៉ាមានកាន់តែច្រើន បន្ទាប់ពីការចាប់ខ្លួនក្រុមអ្នកតវ៉ា នៅឯសាកលវិទ្យាល័យ East Coast កាលពីពេលថ្មីៗនេះ និងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំ ងនៅក្នុងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធិរបស់អ៉ីស្រាអែល រួមជាមួយនឹងផលប៉ះពាល់ពី សង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាស។ ក្រុមគាំទ្រប៉ាឡេស្ទីន បានតវ៉ាចំពោះការប្រកាសការពារជនជាតិជ្វីហ្វ ពីសំណាក់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីប៉ុន្មានមុន។ ការតវ៉ានៅក្នុងសាកលវិទ្យាល័យថ្មីៗនេះ បានទាក់ទាញនិស្សិតមកពី មហាវិទ្យាល័យផ្សេងៗ រួមទាំងជនជាតិជ្វីហ្វ និងអ្នកកាន់សាសនាឥស្លាមជាដើម។

ការតវ៉ាដ៏ធំតាមដងផ្លូវនៃតំបន់ Brooklyn បានឈានដល់ការប្រឈមមុខដាក់គ្នា កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅពេលដែលប៉ូលិសក្រុងញូវយ៉ក ចាប់ផ្តើមឃាត់ខ្លួនមនុស្ស ជុំវិញការប្រព្រឹត្តសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់ ដោយរារាំងអ្នកដែលមិនស្តាប់តាមការណែនាំ។ ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-ឥស្លាម (American-Islamic Relations) បានរិះគន់ចំពោះការប្រើប្រាស់កម្លាំងប៉ូលិសមករារាំងការតវ៉ា ដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ នៃក្រុមឧត្តមសិក្សា។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារបស់ក្រុមហាម៉ាសលើទឹកដីរបស់ខ្លួន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣បានសម្លាប់មនុស្ស ១២០០នាក់ និងចាប់ចំណាប់ខ្មាំងជាច្រើននាក់។ បើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បច្ចុប្បន្នបានសម្លាប់មនុស្សជាង ៣៤,០០០នាក់ហើយ។ ចំណែកប្រជាជននៅហ្គាហ្សា ជិត ២.៣លាននាក់ត្រូវផ្លាស់ទីលំនៅក្នុងតំបន់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌៕