(អាថែន)៖ ក្រសួងការពារជាតិរបស់ប្រទេសក្រិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាវាយោធាក្រិក ដែលលបម្រើឱ្យ បេសកកម្មកងទ័ពជើងទឹកសហភាពអឺរ៉ុប នៅសមុទ្រក្រហម បានស្ទាក់ចាប់យន្តហោះដ្រូនពីរគ្រឿង ដែលបាញ់មកដោយក្រុមហ៊ូទី នៃប្រទេសយេម៉ែន ឆ្ពោះទៅកាន់កប៉ាល់ពាណិជ្ជកម្មមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០២៤។

មន្រ្តីមួយរូប បានប្រាប់ Reuters «នៅព្រឹកថ្ងៃព្រហស្បតិ៍ នាវាចម្បាំងក្រិក Hydra ខណៈដែលកំពុងអមដំណើរ កប៉ាល់ពាណិជ្ជកម្ម នៅឈូងសមុទ្រ Aden បានបាញ់ទម្លាក់យន្តហោះដ្រូនពីរគ្រឿង។ វាត្រូវបានបំផ្លាញមួយគ្រឿង ហើយមួយគ្រឿងបានហោះចេញឆ្ងាយ ទៅវិញ»។

គួរបញ្ជាក់ថា ក្រិក បានបំពាក់នាវាចម្បាំងឱ្យដល់បេសកកម្មសហភាពអឺរ៉ុប ឈ្មោះ Aspides ដែលបានចាប់ផ្តើមសកម្មភាព កាលពីខែកុម្ភៈ ដើម្បីជួយការពារផ្លូវពាណិជ្ជកម្មដែនសមុទ្រដ៏សំខាន់ ពីការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលរបស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ដែលនិយាយថា ពួកគេកំពុងកំណត់គោលដៅលើនាវាពាណិជ្ជកម្ម ជាការសងសឹកចំពោះសង្គ្រាមរបស់អ៉ីស្រាអែលនៅតំបន់ហ្គាហ្សា៕