(កៀវ)៖ អភិបាលតំបន់ បាននិយាយថា មីស៉ីលមួយគ្រាប់របស់រុស្ស៉ី បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឱ្យមនុស្ស ៦នាក់រងរបួសនៅតំបន់ Cherkasy ស្ថិតនៅភាគកណ្តាលអ៊ុយក្រែន នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០២៤។

លោក Illya Yevlash អ្នកនាំពាក្យកងទ័ពអាកាស បានឱ្យដឹងតាមទូរទស្សន៍ថា ការវាយប្រហារបានត្រូវចំជនស៉ីវិល និងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ក្នុងទីក្រុង Smila។​ តាមព័ត៌មានបឋម មីស៉ីល Iskander-K ត្រូវបានយកមកប្រើប្រាស់ ក្នុងការវាយប្រហារនោះ។ ចំណែក អភិបាលតំបន់ Cherkasy លោក Ihor Taburets និយាយថា រលកនៃការផ្ទុះ និងកម្ទេចកម្ទីនៃមីស៉ីល បានបង្កការខូចខាតដល់លំនៅដ្ឋានឯកជន ៤៧ខ្នង និងបង្អួចអគារខ្ពស់មួយកន្លែង។ កងទ័ពអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៉ីលដែលកំណត់គោលដៅមកនោះ ហើយក្រុមសង្រ្គោះកំពុងធ្វើការនៅតាំងកើតហេតុ។

គួរបញ្ជាក់ថា ថ្មីៗនេះ កងកម្លាំងរុស្ស៉ី បានធ្វើឱ្យរចនាសម្ព័ន្ធផ្លូវរថភ្លើងនៅតំបន់ Dnipro រងការខូចខាចផងដែរ ក្នុងការវាយប្រហារថ្ងៃទី១៩ ខែមេសា ខណៈរបាយការណ៍នេះចេញមកពីក្រុមហ៊ុនផ្លូវដែកជាតិ Ukrzaliznytsia របស់អ៊ុយក្រែន៕