(ហ្គាហ្សា)៖ ប្រធានាធិបតីប៉ាឡេស្ទីនបាននិយាយថា រដ្ឋបាលអាមេរិកត្រូវតែទទួលខុសត្រូវ ចំពោះការវាយប្រហារណាមួយដែលអាចកើតមាននៅទីក្រុង Rafah ភាគខាងត្បូងនៃហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

លោក Nabil Abu Rudeineh មន្ត្រីអ្នកនាំពាក្យរបស់ប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលសហរដ្ឋអាមេរិក ទទួលខុសត្រូវចំពោះការគំរាមកំហែង និងការកើនឡើងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ លោកក៏បានលើកឡើងជាពិសេស អំពីការព្រួយបារម្ភទាក់ទងនឹងវោហាសាស្ត្រដ៏គ្រោះថ្នាក់ ជុំវិញផែនការសកម្មភាពយោធារបស់អ៊ីស្រាអែលនៅទីក្រុង Rafah ដោយព្រមានថា សកម្មភាពបែបនេះអាចបណ្តាលឱ្យមានការសម្លាប់រង្គាល មហន្តរាយដ៏ធំធេង និងការផ្លាស់ទីលំនៅរបស់ពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់។

លោកបានបន្ថែមថា ការសម្រេចចិត្តរបស់អាមេរិកក្នុងការផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ បន្ថែមពីលើការប្រើអំណាចវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាជា «ដៃគូក្នុងសង្គ្រាមប្រល័យពូជសាសន៍»

គួរជម្រាបថា ទោះបីជាមានការប្រឆាំងកាន់តែខ្លាំងឡើងជាសាកលក៏ដោយ កងទ័ពអ៊ីស្រាអែលកំពុងត្រៀមវាយប្រហារតាមផ្លូវគោកនៅទីក្រុង Rafah រួមទាំងការជម្លៀសប្រជាជនជាទ្រង់ទ្រាយធំផងដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាកាលពីថ្ងៃអាទិត្យថា នឹងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើក្រុមហាម៉ាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ និងដឹកនាំ «ការវាយប្រហារដ៏ឈឺចាប់បន្ថែមទៀត» ប្រឆាំងនឹងក្រុមនេះ ដើម្បីរំដោះចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប៕